Saturday, February 19, 2022

ទីតាំងចាក់ភ្នាល់បាល់ល្មើសច្បាប់មួយកន្លែង កំពុងដំណើរការយ៉ាងគឃ្លើន នៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ


(ភ្នំពេញ)៖ ទីតាំងចាក់ភ្នាល់បាល់ល្មើសច្បាប់ប្រទេសមួយកន្លែង កំពុងដំណើរការយ៉ាងសកម្ម នៅតាមបណ្ដោយផ្លូវលេខ 47កែងផ្លូវ88ដែលស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញដោយមិនឃើញមានសមត្ថកិច្ចអាជ្ញាធរដែនដីសង្កាត់ឬខណ្ឌចាត់វិធានការបង្ក្រាបនោះឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះសង្ស័យថា ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងនោះហើយទើបបានជាស្ងៀមឈឹងយ៉ាងនេះ។

ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា បើអាជ្ញាធរសង្កាត់ឬខណ្ឌឆ្លើយថា មិនដឹងអំពីបញ្ហាទីតាំងកត់បាល់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 47កែង ផ្លូវ88នោះដូចជាមិនទំនងសោះពីព្រោះថា មានអ្នកចាក់បាល់ដែលចតម៉ូតូព្រោងព្រាតលើចិញ្ចើមផ្លូវ ដោយមិនខ្វល់អំពីបញ្ហាសណ្ដាប់ធ្នាប់នោះឡើយ។ ពួកអ្នកញៀនល្បែងភ្នាល់បាល់ទាំងហ្វូងចូលទៅចាក់បាល់នៅក្នុងទីតាំងខាងលើដោយមិនខ្វល់អំពីបញ្ហាអ្វីឡើយ។ ដូច្នេះបើអាជ្ញាធរឆ្លើយថាមិនដឹងអំពីទីតាំងកត់បាល់នេះមើលទៅដូចជាមិនទំនងទេ ប៉ុន្តែគេអាចឆ្លើយឲ្យរួចតែពីមាត់បាន។

តាំងព្រឹកព្រលឹមរហូតដល់យប់ម៉ូតូរាប់សិបគ្រឿងបន្តកន្ទុយគ្នាចេញ-ចូលដើម្បីទៅចាក់បាល់នៅទីតាំងខាងលើ។ ករណីនេះប្រជាពលរដ្ឋនៅតំបន់នោះយល់ថាម្ចាស់ទីតាំងអាចមានខ្នងបង្អែកធំរឹងមាំទើបអាចដំណើរការបានដោយរលូនយ៉ាងដូច្នេះនិងម្យ៉ាងទៀតម្ចាស់ទីតាំងអាចសែនព្រេនត្រូវរ៉ូវជាមួយអាជ្ញាធរដែនដីទើបអាចដំណើរការបានជាចំហរដោយមិនខ្លាចមានការចាប់បង្ក្រាបពីសមត្ថកិច្ចក៏ដូចជាអាជ្ញាធរដែនដី។ នៅពីក្រោយការបើកចំហកន្លែងចាក់បាល់ដ៏គគ្រឹកគគ្រេងនេះការពិតយ៉ាងណានោះគ្មាននរណាដឹងឡើយ។

ប្រជាពលរដ្ឋលើកជាចម្ងល់ថា រាជរដ្ឋាភិបាលបានកំណត់ថាការចាក់ភ្នាល់បាល់ជាទង្វើខុសច្បាប់របស់ប្រទេសជាតិ ចុះហេតុអ្វីបានជាអាជ្ញាធរខណ្ឌដូនពេញនៅតែបណ្ដោយឲ្យល្បែងភ្នាល់បាល់ខុសច្បាប់ប្រទេសនេះនៅបន្តបើកដំណើរការជាចំហរមួយយ៉ាងគគ្រឹកគគ្រេងយ៉ាងដូច្នេះ។ ឬមួយអាជ្ញាធរខណ្ឌដូនពេញយល់ថា ទីតាំងកត់ភ្នាល់បាល់នេះស្របច្បាប់ប្រទេសជាតិ?បើយ៉ាងដូច្នេះក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគួរចុះទៅយកពន្ធនៅទីកន្លែងបទល្មើសបាលភ្នាល់បាល់នេះផងទៅ៕








0 Reviews:

Post a Comment