Thursday, September 21, 2023

ឧក្រិដ្ឋកម្មព្រៃឈើកំពុងកើតពេញបន្ទុកនៅក្នុងខេត្តមណ្ឌលគីរី



ខេត្តមណ្ឌលគីរី)នៅពេលថ្មីៗនេះប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថាឈ្មួញឈើឈ្មោះ ( រិទ្ធ )និងបក្សពួក កំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងយ៉ាងកក់ក្រើកនិងដឹកជញ្ជូនឈើចេញពីចំណុចស្រែប៊ូម ភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគីរី ដឹកតាមរថយន្តធន់ត្រាជាច្រើនគ្រឿងសម្រុកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វេភាគីព្រំដែនណាំលានិងច្រកដាក់ដាំយ៉ាងគំហុក ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប់ ខណៈដែលសម្លេងរថយន្តដឹកជញ្ជូនឈើ ស្ទើរតែរង្គើព្រះធរណីយ៉ាងណាក៏ដោយ ឬមួយអស់លោកទាំងនោះទទួលលាបសក្ការៈអស់ទៅហើយមើលទៅ ?។ 
 ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីបានលើកឡើងថា លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជវុធហត្ថខេត្តនិងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តព្រមទាំងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងនោះទេ ។

 នេះហើយជាកក្តាដែលធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារព្រៃអភិរក្ស ព្រៃសហគមន៍ ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា និងស្រុកកែវសីម៉ាចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យក្នុងពេលឆាប់ៗនោះទេ។ ចំណែកឯលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ដែលឈរជើងនៅច្រកដាក់ដាំ ឯនោះវិញក៏កំពុងតែទទួលរងនូវការរិះគន់មិនសំចៃមាត់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលនិងមហាជនដែលស្រឡាញ់ធនធានធម្មជាតិព្រៃឈើ ថាបានបើកផ្លូវឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើតាមច្រកគោលដៅរបស់ខ្លួនដើម្បីតែផលប្រយោជន៍ចង់ធ្វើមានធ្វើបាន មិនគិតអំពីតួនាទី និងភារកិច្ចដែលខ្លួនកំពុងតែអនុវត្តច្បាប់ហើយស៊ីប្រាក់ខែរដ្ឋនោះឡើយ។ ប្រជាសហគមន៍ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិរ៉ាយោងឃុំប៊ូស្រា ស្រុកពេជ្រាដា ស្រុកកោះញែក សូមអំពាវនាវដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការថ្នាក់ជាតិដើម្បីបង្កាទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិនិងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នោះទេព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ពិតជានឹងត្រូវវិនាសហិនហោន ក្រោមស្នាដៃមេឈ្មួញដ៏ល្បីឈ្មោះ ( រិទ្ធ ) និងបក្ខពួកជាក់ជាមិនខានឡើយ។









0 Reviews:

Post a Comment