នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋាន នៃគណ:កម្មាធិការខេត្តជំរុញចលនាភូមិ១ ផលិតផល១ បានជួបប្រជុំពិភាក្សាលក្ខណ:បច្ចេកទេសពាក់ព័ន្ធនឹងការត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត ឬអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម និងអ្នកផលិតនៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះដំណើរការទៅ ក្រោមកិច្ចដឹកនាំ សម្របសម្រួលពី លោក យុន លីនណេ អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ខេត្តសៀមរាប និងវត្តមាន តំណាងសភាពាណិជ្ជមណ្ឌលសៀមរាប-ឧត្តរមាជ័យ, នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ ក្នុងខេត្ត ប្រមាណជាង ២០នាក់។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្តាប់ និងប្រមូលយោបល់លើការរៀបចំទីតាំង សម្ភារ:តុកៅអី បច្ចេកទេសការងារផ្សព្វផ្សាយតាមឧបករណ៍បំពងសម្លេង និងការចងបដាតាមដងផ្លូវ ព្រមទាំងសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងវេទិកាជាដើមផង ហើយវេទិកានេះ រដ្ឋបាលខេត្តសហការជាមួយផ្សារម៉ាក្រូនឹងរៀបចំមានរយ:ពេល ៣ថ្ងៃ ចាប់ថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ក្នុងផ្សារម៉ាក្រូ ស្ថិតក្នុងក្រុងសៀមរាប។
លោក យុន លីនណេ មានប្រសាសន៍ថា៖ វេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញរៀបចំឡើង ដើម្បីដាក់តាំងបង្ហាញផលិតផលនានា ស្វែងរកដៃគូអាជីវកម្ម និងបង្ហាញភាពជឿជាក់ដល់អតិថិជនលើផលិតផលរបស់ខ្លួន។
លោក យុន លីនណេ បន្ថែមថា៖ ថ្វីត្បិតតែជាលើកដំបូងសម្រាប់ខេត្តសៀមរាប ខេត្តនេះចងក្រងបានផលិតផលជាង ៧០ប្រភេទ ជាស្នាដៃផលិតដោយសហគមន៍ ផលិតករ អាជីវករ ម្ចាស់សហករណ៍សិប្បកម្ម សហគ្រាសធុនតូច និងធុនមធ្យម។ល។លោក យុន លីនណេ បញ្ជាក់ថា៖ វេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញជាការបង្កើតឱកាសទីផ្សារដ៏មានតម្លៃសម្រាប់សហគ្រាសធុនតូច/មធ្យម និងអ្នកផលិតក្នុងស្រុក ក្នុងការជួបអ្នទិញដែលមានសក្តានុពល និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កាអំពីលក្ខ័ណ្ឌតម្រូវ និងការផ្គត់ផ្គង់ លើសពីនេះ ពួកគេនឹងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗដូចជាអាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល ក្រុមយុជន និងសិស្សនិស្សិត ដើម្បីគាំទ្រ និងទិញផលិតផល។
លោក យុន លីនណេ បានអំពាវនាវដល់ សហគមន៍ អង្គការដៃគូ ផលិតករ ម្ចាស់សហករណ៍សិប្បកម្ម សហគ្រាសធុនតូច ធុនមធ្យម ដែលមានបំណងចង់ចូលរួមបង្ហាញផលិតផលលរបស់ខ្លួនក្នុងវេទិកាដ៏មានសារសំខាន់នេះ សូមនាំយកនូវផលិតផលទាំងឡាយណា ដែលមានស្តង់ដារ គុណភាពល្អ កាលបរិច្ឆេទច្បាស់លាស់ មានអនាម័យ និងបច្ចេកទេសការវិចខ្ចប់ត្រឹមត្រូវ ដើម្បីចូលរួមក្នុងវេទិកាផ្គូផ្គងប្រកួតប្រជែងសម្រាប់ឈានចូលទីផ្សារជាតិ និងអន្តរជាតិ ពិសេសដើម្បីឱ្យផលិតផលរបស់ខ្លួនទទួលបានការគាំទ្រច្រើនពីអតិថិជន និងរក្សាបានលំនឹងទីផ្សារ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឲ្យប្រសើរឡើង៕ អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ ដារ៉ា
0 Reviews:
Post a Comment