បើទោះបីជាជំងឺកូវីដ១៩កំពុងផ្ទុះរាលដាលខ្លាំង រហូតដល់ប្រមុខរាជរដ្ឋាភិបាល បានចេញបញ្ជាឲ្យអាជ្ញាធរមានវិធានការទប់ស្កាត់ក៏ដោយ ប៉ុន្តែបើក្រឡេកមកមើលទីតាំងជល់មាន់មួយកន្លែង ដែលជ្រកក្រោមស្លាកកាស៊ីណូមួយនៅចំណុចច្រកអូររដួល ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក វិញ គឺកំពុងតែបើកលេងយ៉ាងគគ្រឹកគ្រេង ពពាក់ពពូនគ្នាដោយមិនខ្វល់ពីវិធានការទប់ស្កាត់ឡើយ។
បើយោងតាមសេចក្តីរាយការណ៍ថា ទីតាំងជល់មាន់ដែលជ្រកក្រោមស្លាកកាស៊ីណូនេះ មានបុរសម្នាក់ឈ្មោះ ស គឺជាអ្នកចាត់ចែងសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក ទើបគេអាចបើកលេងបានដោយរលូន ដោយមានជនជាតិខ្មែរចូលលេងយ៉ាងពពាក់ពពូន ខណៈដែលច្បាប់បានហាមដាច់ខាត មិនឲ្យមានជនជាតិខ្មែរចូលលេងនោះ។
តាមប្រភពថា ទីតាំងបញ្ជល់មាន់ខាងលើនេះបើកលេងមួយសប្តាហ៍៧ថ្ងៃតែម្តង ដោយគេភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លានរៀលក្នុងមួយគូៗ ដោយមានជល់ទាំងមាន់ស្មង និងមាន់ផ្លែ តខ្នាយ ហើយកន្លងទៅថ្មីៗនេះគេជល់យកពានរង្វាន់ភ្នាល់ដាក់លុយជាង៥០លាន និង ម៉ូតូ ហុងដាឌ្រីមសេរីឆ្នាំ២០២១មួយគ្រឿងទៀតផង។
បើតាមប្រភពច្បាស់ការថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ គេនឹងមានណាត់ជល់មួយគូ១១លាន ទៅ២២លានរៀលទៀតផង ដែលមានក្រុមអ្នកញៀននិងល្បែងបញ្ជល់មាន់ទៅលេងទៅក្នុងកាស៊ីណូខាងលើនេះស្កាត់មកពីតាមបណ្តាខេត្តមួយចំនួនរួមមានដូចជា រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ ជាដើម។
សូមបញ្ជាក់ថា កន្លងមក អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ធ្លាប់បានបញ្ជាក់ថា លោកបានណែនាំទៅស្នងការជាផ្លូវការហើយឲ្យចាត់ការបង្រ្កាប។ ចំណែកលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ធ្លាប់បានថ្លែងប្រាប់អ្នកកាសែតដែរថា លោកនឹងបញ្ជាកម្លាំងឲ្យចុះទៅពិនិត្យមើល ប៉ុន្តែពេលនេះ នៅតែមានសកម្មភាពលេងជាដដែល៕
0 Reviews:
Post a Comment