វត្ថុបុរាណធ្វើពីថ្មភក់ចំនួន៤ប្រភេទ ដែលប្រជាពលរដ្ឋរក្សាទុកនៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រួមមាន ថ្មគោលធ្វើពីថ្មភក់ចំនួន១ ព្រះហស្ថឆ្វេងទេពស្រី (ប្រាជ្ញាបារមិតា?) ធ្វើពីថ្មភក់ចំនួន១ និងជើងទម្រចំនួន២ ដែលជើងទម្រមួយមានចារជាអក្សរខ្មែរបុរាណចំនួន៤ជួរនៅផ្ទៃចំហៀង។
វត្ថុទាំងនោះត្រូវបានយកចេញពីទីតាំងដើមដោយប្រជាពលរដ្ឋក្នុងគោលបំណងរក្សាទុកបណ្តោះអាសន្នប៉ុន្តែក្រុមការងារកំណត់បុរាណដ្ឋាននៃអាជ្ញាធរជាតិអប្សរាក្នុងគោលដៅស្រុកវ៉ារិន បានស្នើសុំឱ្យយកមករក្សាទុកនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីសុវត្ថិភាពដល់វត្ថុទាំងនោះផង ដើម្បីទុកសិក្សាស្រាវជ្រាវ និងចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងអស់នោះផង។
លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកការងារចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលក្រុមការងារបានចុះទៅទទួលយករូបចម្លាក់ផ្សេងៗដែលប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្ងាយៗ ក្នុងតំបន់រដ្ឋបាលខេត្តសៀមរាបទាំងមូល។ ដូចករណីនេះចម្លាក់ព្រះហស្ថឆ្វេងប្រាជ្ញាបារមិតា គឺត្រូវបានយកមកពីប្រាសាទទាវប៉ាត់ ភូមិរលំរុនថ្មី ឃុំស្រែណូយ រីឯជើងទម្រចំនួន២ដែលមួយមានសិលាចារិក ត្រូវបានគេយកចេញពីប្រាសាទត្រពាំងឈូក ភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
លោក សុម៉ាឡា បានបន្តថា ការដឹកយកវវត្ថុបុរាណដ៏មានតម្លៃទាំងនេះទៅរក្សាទុកឱ្យទាន់ពេលវេលា គឺជាការប្រសើរខ្លាំងណាស់ ដ្បិតវត្ថុមួយចំនួនអាចនឹងត្រូវបែកបាក់ខូចខាតដោយប្រការណាមួយជាយថាហេតុ។ តួយ៉ាងដូចជាជើងទម្រដែលយើងបានដឹកមករក្សាទុកនេះ គឺមានសិលាចារិកយ៉ាងសំខាន់ ដែលមានផ្នែកខ្លះត្រូវបានគេយកកាំបិតទៅសំលៀង និងមានផ្នែកខ្លះទៀតមានស្នាមដំបំបែកខូចខាតជាដំណំ៕
0 Reviews:
Post a Comment