នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ខ្លួនទើបតែបានរកឃើញមានអ្នកប្រើប្រាស់មួយចំនួនបានទទួលសារ ជាភាសាអង់គ្លេសដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ាដោយអះអាងថា គណនីធនាគាររបស់លោកអ្នកត្រូវបានចូលប្រើជាមួយឧបករណ៍ផ្សេងទៀត ហើយថែមទាំងផ្ដល់នូវតំណភ្ជាប់ដើម្បីឱ្យពួកគេបញ្ជាក់អំពីអត្តសញ្ញាណ (Your Canadia bank account has been logged in through another platform, please verify again to protect your rights. www.canadias.com)។
តាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាថា នៅពេលដែលអ្នកប្រើប្រាស់ចូលទៅគេហទំព័រតាមតំណភ្ជាប់នោះ វានឹងទាមទារឱ្យបំពេញព័ត៌មានលម្អិតមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរសព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ផងដែរ។ តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា នេះគឺជាគេហទំព័រក្លែងក្លាយដែលជនខិលខូចបង្កើតឡើងដើម្បីបោកបញ្ឆោតយកព័ត៌មាន ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីធនាគារ ក្នុងគោលបំណងលួចយកប្រាក់កាសរបស់លោកអ្នក។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារណាមួយ ដែលទាមទារឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ព្រោះនេះគឺជាល្បិចដែលជនខិលខូចប្រើដើម្បីលួចយកព័ត៌មានរបស់លោកអ្នកតែប៉ុណ្ណោះ ហើយវិធីដែលល្អបំផុតនោះគឺលោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនផ្ទាល់ ដើម្បីទទួលបានព័ត៌មានបន្ថែម៕
0 Reviews:
Post a Comment