យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ដែលផ្សព្វផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើ៧ម៉ឺនដុល្លារអាមេរិក ដោយគិតពីខែមករា ឆ្នាំ២០២១ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏អំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ។
សូមបញ្ជាក់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលបន្តមិនយកពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានតម្លៃទាប ឬស្មើនឹង៧ម៉ឺនដុល្លារនេះ គឺជាផ្នែកមួយ នៃវិធានការបន្ថែម ជុំទី៧ ក្នុងការបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច ក្នុងបរិការណ៍ នៃវិបត្តិជំងឺកូវីដ១៩។
ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាក នៃវិបត្តិជំងឺកូវីដ១៩ផងដែរ៕
0 Reviews:
Post a Comment