យោងតាមរបាយការណ៍របស់ក្រសួងការងារកម្ពុជាបានឲ្យដឹងថា គិតត្រឹមរយៈពេល ៩ខែនៅក្នុងឆ្នាំ២០២០នេះ មានរោងចក្រសរុបចំនួន១១១ បានបិទទ្វារមិនដំណើរការ ដោយសារតែការធ្លាក់ចុះយ៉ាងគំហុង នៃការបញ្ជាទិញពីក្រៅប្រទេស។
ការបិទនេះបានធ្វើឲ្យកម្មករប្រមាណជា ៥៥ ១៧៤ នាក់បាត់បង់ការងារ ដែលមានចំនួនមានការកើនឡើងបន្តិចពី ៥៣ ២២៦នាក់ ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
ទន្ទឹមនឹងនេះដែរ ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបានធូរស្រាលជាបណ្តើរៗហើយដោយចំនួនរោងចក្រដែលកំពុងព្យួរកិច្ចសន្យាការងារបានថយចុះមកត្រឹមចំនួន៥២រោងចក្រដែលស្មើនឹងកម្មករនិយោជិតប្រមាណ១៤.០០០នាក់តែប៉ុណ្ណោះ នៅក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៣០ កញ្ញា បានប្រកាសដាក់ចេញនូវវិធានការជុំទី៦ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា និងបន្តជួយឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ពីបរិបទនៃជំងឺកូវីដ១៩។ ក្នុងវិធានការជុំទី៦នេះ រាជរដ្ឋាភិបាលកម្ពុជាបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យសេវាកម្មទេសចរណ៍។
តាមរយៈវិធានការនេះ រដ្ឋាភិបាលនឹងបន្តឧបត្ថម្ភសាច់ប្រាក់ដល់បុគ្គលិកដែលត្រូវបានព្យួរការងារនៅក្នុងវិស័យទាំងនេះ បូករួមទាំងការលើកលែងការបង់ពន្ធ ការពន្យាពេលបង់កាតព្វកិច្ចរបបសន្តិសុខសង្គម និងការលើកលែងការបង់ពន្ធប៉ាតង់ជាដើម។
ជាមួយគ្នានេះ ដើម្បីទប់លំនឹងសេដ្ឋកិច្ចនិងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩នេះ រដ្ឋាភិបាលកម្ពុជាបានត្រៀមថវិការប្រមាណជា១១៦៤លានដុល្លារអាមេរិក ដើម្បីជួយអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច និងពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ចាប់តាំងពីជុំទី១រហូតដល់ជុំទី៦នេះ៕
0 Reviews:
Post a Comment