Tuesday, September 8, 2020

ប្រមុខសិទ្ធិមនុស្សរបស់ UN ទទូចឲ្យរុស្ស៉ីបើកការស៉ើបអង្កេតឬសហការជុំវិញករណីមេបក្សប្រឆាំងរុស្ស៉ី Navalny ត្រូវគេបំពុល

ជុំវិញការស៊ើបអង្កេតដោយឯករាជ្យពេញលេញមួយ ដើម្បីស្វែងរកមន្ទិលសង្ស័យលើករណីបំពុលមេដឹកនាំបក្សប្រឆាំងរុស្ស៉ី លោក អាឡិចហ្សី ណាវ៉ាល់នី (Alexei Navalny) ដោយសារធាតុគីមីបំផ្លាញប្រព័ន្ធសរសៃប្រសាទប្រភេទណូវិចូក (Novichok)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។
គួររំលឹកថា លោក Navalny ត្រូវបានគេដឹកតាមយន្តហោះបញ្ជូនទៅព្យាបាលនៅប្រទេសអាល្លឺម៉ង់ កាលពីខែមុន ក្រោយផឹកទឹកតែដែលមានជាតិពុល។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ មន្ទីរពេទ្យ Charite នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យលែងត្រូវការអនុវត្តវិធីសាស្រ្ត Medical Induced Coma (ការធ្វើឲ្យអ្នកជំងឺ ស្ថិតក្នុងស្ថានភាពសន្លប់ស្តូកស្តឹង) លើអ្នករិះគន់វិមានក្រឹមឡាំងរូបនេះទៀតហើយ ហើយលោក Navalny អាចឆ្លើយតបចំពោះការនិយាយស្តីបាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី មីឈែល បាឆេលែត (Michelle Bachelet) ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់ UN បាននិយាយថា ចំនួនករណីបំពុល ឬការធ្វើឃាតក្នុងទម្រង់ដទៃទៀតទៅលើពលរដ្ឋឬអតីតពលរដ្ឋរុស្ស៊ីទាំងនៅលើដីបរទេស និងក្នុងប្រទេសរុស្ស៉ីផ្ទាល់ ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍បំពុលពីមុនមកៗ រួមទាំងករណីនេះផងដែរ គឺពុំទាន់មានការអនុវត្តនីតិវិធីច្បាប់ត្រឹមត្រូវណាមួយនៅឡើយទេ ដែលជាលទ្ធផលធ្វើឲ្យបញ្ហានិទណ្ឌភាពនៅក្នុងប្រទេសរុស្ស៉ី។ នេះបើតាមលោកស្រី Rupert Colville អ្នកនាំពាក្យរបស់លោកស្រី Bachelet ថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ៕

0 Reviews:

Post a Comment