Tuesday, September 8, 2020

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្លាំងប្រដាប់អាវុធ រួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម

ដើម្បីជាការដឹងគុណសម្រាប់ពលិកម្មរបស់កងកម្លាំងប្រដាប់អាវុធនៅមុនការឈានមកដល់បុណ្យភ្ជុំបិណ្ឌ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំស្បៀងអាហារ និងថវិកាមួយចំនួន ជូនទៅដល់កងទ័ពនៅតាមព្រំដែន ព្រមទាំងកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស នគរបាលជាតិ ហើយនៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២នេះ ក៏បាននាំទៅជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ តាមផែនការដែលបានគ្រោងទុក លោក ស៊ុន ចាន់ថុល ក៏នឹងនាំស្បៀងទៅជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
ក្នុងឱកាសនាំយកអំណោយទៅជូននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសារសំខាន់នៃសុខសន្តិភាព និងស្ថេរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា មនុញ្ញផលនៃសុខសន្តិភាពនេះហើយ ដែលរុញច្រានកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនវិវឌ្ឍពីស្ថានភាពប្រទេសសល់ពីគំនរភ្លើងសង្គ្រាម មកជាប្រទេសពោរពេញដោយភាពស្រស់បំព្រងនាពេលបច្ចុប្បន្ន។ សុខសន្តិភាព ក៏បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាលូតលាស់ ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧ភាគរយ។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ការរក្សាឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសង្គម គឺជាលក្ខខណ្ឌចម្បង ដែលរួមគ្នាធ្វើឱ្យបាន ដើម្បីរក្សាបាននូវសមិទ្ធផលកម្ពុជាកំពុងមាន និងបន្តជំរុញនូវការអភិវឌ្ឍន៍ ព្រមទាំងពង្រីកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា កងកម្លាំប្រដាប់អាវុធទាំងអស់ គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងការរក្សាការពារឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ទាំងអស់នេះ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានសម្តែងការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា ដែលបានលះបង់សេចក្តីសុខ និងធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីបុព្វហេតុសង្គមជាតិ។ ជាពិសេសការរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសន្តិភាពរបស់កម្ពុជា។
ក្នុងពិធីផ្តល់អំណោយជាស្បៀងអាហារនេះ លោកទេសរដ្ឋមន្ត្រី ក៏បានបានបង្ហាញពីការប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយខិតខំរិះរកគ្រប់មធ្យោបាយ និងយន្តការនានា ដើម្បីផ្ដល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាពតាមរយៈការ អភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យា និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការតភ្ជាប់ប្រព័ន្ធរវាងគ្នា បង្កលក្ខណៈងាយស្រួលដល់ការផ្ដល់សេវាសាធារណៈ។ សមិទ្ធផលដែលក្រសួងសម្រេចលើកំណែទម្រង់ក្នុងការផ្តល់សេវាដែលក្រសួងសម្រេចបានមានដូចជា៖ ឆៀកចល័ត មណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអនម៉ល១ អ៉ីអនម៉ល២ និងផ្សារទំនើបជីបម៉ុងជាដើម ព្រមទាំងបានបំពាក់កាមេរ៉ា ឆ្លាតវៃ និងប្រព័ន្ធព័ត៌មានវិទ្យាទំនើបដើម្បីចាប់រថយន្តដឹកទំនិញលើសទម្ងន់កំណត់ផងដែរ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីគម្រោងបំពាក់ប្រព័ន្ធជញ្ជីងឆ្លាតវៃ បង្កប់នៅក្រោមដី ដើម្បីទប់ស្កាត់ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់, ការសិក្សាគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ, កិច្ចព្រមព្រៀងក្របខណ្ឌនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ការសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤, គម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវទាំង៣៨ខ្សែ ក្នុងខេត្តសៀមរាប ដែលទទួលបានការអនុម័តពីសម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ, គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍, គម្រោងដាក់ឱ្យដំណើរការផ្ទេរកម្មសិទ្ធិយានយន្តតាមនីតិវិធីថ្មីតាមប្រព័ន្ធអនឡាញ សំដៅកាត់បន្ថយភាពស្មុគស្មាញដល់ប្រជាពលរដ្ឋ និងគម្រោងផ្សេងៗជាច្រើនទៀត។
សូមបញ្ជាក់ថា អំណោយដែលលោកទេសរដ្ឋមន្ត្រីនាំយកទៅជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួមមាន៖ ទឹកស៊ីអ៉ីវ ចំនួន ២០០យួរ ទឹកត្រីចំនួន ២០០យួរ ទឹកសុទ្ធកម្ពុជាចំនួន ៥០០កេស មីជាតិចំនួន ៥០០កេស ត្រីខចំនួន ៥០កេស អង្ករចំនួន ៥តោន និងថវិកាមួយចំនួន៕

0 Reviews:

Post a Comment