Friday, September 25, 2020

អាជ្ញាធរខេត្តសៀមរាប ទុកពេលទ១០ថ្ងៃ ឲ្យ​សំណង់ដែលរំលោភលើចំណីផ្លូវរុះរើចេញ ---


រដ្ឋបាលខេត្តសៀមរាបបានកំណត់ទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីផ្លូវស្ទឹងសៀមរាប ដើម្បីឲ្យ​ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ អាច​ប្រព្រឹត្ត​ទៅបានដោយរលូន និង សម្រេចតាមផែនការ។

រដ្ឋបាលខេត្តសៀមរាប​បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ការ​អនុញ្ញាត​ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់​គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ​ចំនួន ៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប ក្រុមការងារ​បច្ចេកទេស​បានចុះសិក្សា​ខ្សែ​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា និង​កែសម្រួល ហើយ​បាន​ពិនិត្យ​ឃើញថា មាន​សំណង់​លំនៅដ្ឋាន​ តូបលក់ដូរ របង និង​សំណង់ការ្យ​ផ្សេងៗ​ទៀត​របស់បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​សាងសង់​រំលោភ​លើដីផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ដី​ចំណី​ស្ទឹងសៀមរាប ដែលរដ្ឋបាល​ខេត្ត​បាន​កំណត់ និង​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈជា​ប្រព័ន្ធរួចហើយ ចាំ​បាច់ត្រូវ​ធ្វើ​ការ​រុះរើ​ជា​បន្ទាន់ សម្រួល​ដល់​ការងារ​ស្ថាបនា​ផ្លូវ​សម្រប​តាម​ផែនការ​ដែលបានគ្រោងទុក។

ដូច្នេះ រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​ទុក​រយៈ​ពេល​ ១០ថ្ងៃ គិត​ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២០ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ​២០២០ ជា​កំហិត ដល់បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​សំណង់​រំលោភ​លើ​ដី​ផ្លូវ ដីចំណី​ផ្លូវ អូរ ប្រឡាយ និង​ដី​ចំណី​ស្ទឹង​សៀមរាប ធ្វើ​ការ​រុះរើ​ដោយ​ខ្លួនឯង។

ក្នុងករណី​ពុំ​បាន​រុះរើ​តាម​ការ​កំណត់ រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​រុះរើ​តាម​នីតិវិធី និង​ច្បាប់​ជាធរមាន ដោយ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូច​ខាត និង​បាត់បង់​ទ្រព្យ​សម្បត្តិ​របស់​បងប្អូន​ប្រជាពលដ្ឋ​ឡើយ៕



0 Reviews:

Post a Comment