លទ្ធផលតេស្តបង្ហាញថា ជនជាតិហុងគ្រីដែលរត់ចេញពីចត្តាឡីស័កនៅសៀមរាប
លទ្ធផលធ្វើតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា បុរសជនជាតិហុងគ្រី ដែលរត់គេចចេញពីចត្តាឡីស័កមួយកន្លែងនៅក្នុងខេត្តសៀមរាម «មានផ្ទុកកូវីដ-១៩»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា។
ក្រោយពីទទួលបានលទ្ធផលតេស្តនេះ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល សហការជាមួយនិងអង្គការសុខភាពពិភពលោក និង មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត ហើយនឹងបន្តជូនដំណឹងដល់សាធារណជននូវការវិវត្ត ឬហេតុការណ៍មិនប្រក្រតីណាមួយ។
គួរបញ្ជាក់ថា បុរសជនជាតិហុងគ្រីដែលផ្ទុកវីរុសកូវីដ-១៩ មានអាយុ ៧០ឆ្នាំ ជាអ្នកដំណើរពីប្រទេសបារាំង បានបន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០, លទ្ធផលតេស្តនៅថ្ងៃដំបូងនោះគឺអវិជ្ជមានវីរុសកូវីដ-១៩ ហើយគាត់ត្រូវបានបន្តធ្វើចត្តាឡីស័កស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ លុះនៅថ្ងៃទី១៣ថ្ងៃនៃការធ្វើចត្តាឡីស័ក ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បុរសជនជាតិហុងគ្រីរូបនោះ ក៏ត្រូវបានធ្វើតេស្តជាលើកទី២ឡើងវិញ ក្នុងថ្ងៃរង់ចាំស្រាប់តែក្រុមការងារសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសជនជាតិហុងគ្រីម្នាក់នោះបានឡើយ ហើយគាត់បានរត់គេច និងមិនបានឃើញគាត់នៅកន្លែងស្នាក់នៅតែម្ដង។ យ៉ាងណាក៏ដោយ បុរសជនជាតិហុងគ្រីរូបនេះ ត្រូវគេរកឃើញស្នាក់នៅវីឡាមួយកន្លែងក្នុងសង្កាត់ស្វាយដង្គុំ។
បើតាមព័ត៌មានដែលក្រសួងទទួលបាន បុរសហុងគ្រីរូបនេះ បានចាកចេញពីភ្នំពេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្ពោះទៅសៀមរាប ដោយបានម៉ៅតាក់ស៊ីជិះមួយតែម្នាក់ឯង និងឈប់ចាក់ប្រេងតែម្តងគត់នៅតាមផ្លូវ។
ពេលទៅដល់សៀមរាប គាត់សម្ងំធ្វើការក្នុងផ្ទះ ដោយគាត់ជាបណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានតែមួយថ្ងៃគត់ គឺថ្ងៃទី១៧ ខែកញ្ញា គាត់បានចេញទៅទិញផ្ទាំងគំនួរដោយជិះកង់បី នៅគ្រឹះស្ថានក្រុងអង្គរ រួចត្រឡប់ទៅផ្ទះវិញ។
រីឯភរិយារបស់គាត់ដោយសារមានម្ហូបអាហារជាច្រើននៅក្នុងផ្ទះ ក៏មិនបានចេញទៅណានោះដែរ តែបានចេញទៅផ្សារម្តងគត់ ហើយបានអះអាងថា មិនបានប៉ះពាល់អ្នកផ្សេងឡើយ៕
0 Reviews:
Post a Comment