Friday, November 24, 2023
បងប្អូនក្រុមវាលក្រុមទី៧ ចុះវាស់វែង និងកំណត់ព្រំ ជូនបងប្អូនប្រជាពលរដ្ឋម្ចាស់ដី ស្ថិតក្នុងភូមិសំបួរ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ
-----------------------------
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣
#រដ្ឋបាលថ្នាក់ក្រោមជាតិ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី #ភូមិបាលក្រុង_ស្រុក_ខណ្ឌ
#ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ
#ចុះបញ្ជីដីធ្លីបញ្ចប់ #កអក#សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC
Thursday, November 23, 2023
អភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយទីប្រឹក្សាស្ថានទូតចិន និងជាប្រធានការិយាល័យកិច្ចការអគ្គកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ
ព្រះសីហនុ: ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានទទួលជំនួបសម្តែងការគួរសមជាមួយលោក Fan Manjiang ទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានការិយាល័យកិច្ចការអគ្គកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
លោក Fan Manjiang បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត រៀបចំទឹកត្រចៀកកាំទទួល និងការស្វាគមន៍រូបលោក និងសហការី ក្នុងរយៈពេល២ខែ ដែលលោកបានបំពេញការងារនៅខេត្តព្រះសីហនុ ទទួលបានការគាំទ្រពីរដ្ឋបាលខេត្ត និងបានជួបជាមួយស្នងការនគរបាលខេត្ត ព្រមទាំងស្ថាប័នក្នុងខេត្តព្រះសីហនុ ។ លោកមានអារម្មណ៍ឃើញសណ្តាប់ធ្នាប់របស់ខេត្តល្អ បង្ក្រាបនូវឧក្រិដ្ឋកម្ម មិនអាចកាត់ផ្តាច់ចេញពីការគាំទ្រពីរដ្ឋបាលខេត្តបាននោះទេ។ ស្ថានភាពនៃការអភិវឌ្ឍរបស់ខេត្តកាន់តែល្អ និងមានអ្នកវិនិយោគចិន ចង់មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ។
ចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា មានយូរអង្វែងជាមិត្តដែកថែប ហើយថ្មីៗនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកតដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិនពីរដងរួចមកហើយ និងបានពិភាក្សាគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងយុទ្ធសាស្ត្របញ្ចកោណឱ្យស៊ីជម្រៅជាមួយគ្នា ។ រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្ត ។
ឯកឧត្តម គួច ចំរើន បានអបអរសាទរលោក Fan Manjiang បានមកធ្វើបំពេញបេសកកម្ម ជាអគ្គកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ។ ក្នុងរយៈពេលដែលខ្ញុំធ្វើជាអភិបាលខេត្ត បានពិគ្រោះពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតចិន បង្កើតអគ្គកុងស៊ុលចិននៅខេត្តព្រះសីហនុ និងអរគុណឯកឧត្តមឯកអគ្គរដ្ឋ ទូតចិនផងដែរ ដែលបានផ្សាភ្ជាប់ជាមួយខេត្តព្រះសីហនុ និងបានជម្រាបជូនពីសក្តានុពលរបស់ខេត្ត មានកោះ, ឆ្នេរ, និងវិស័យទេសចរណ៍, មានកំពង់ផែទឹកជ្រៅរបស់កម្ពុជា, យើងមានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែរបស់ជាតិ ក្នុងការដឹកជញ្ជូនទំនិញចេញ-ចូល ៥៨ភាគរយ ក្នុងក្របខ័ណ្ឌទំនិញ, មានផ្លូវល្បឿនលឿនជាសមិទ្ធផលផ្លូវមួយ ខ្សែក្រវាត់មួយ និងជាផ្លូវសូត្រសមុទ្រ, មានព្រលានយន្តហោះអន្តរជាតិ, និងបានពិភាក្សាការហោះហើរត្រង់ពីទីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ មានអ្នកវិនិយោគមកពីក្រុងអ៊ូស៊ី នៅខាងមុខសង្ឃឹមថា និងមានព្រឹត្តិការណ៍ជើងហោះហើរត្រង់ មកកាន់ខេត្តព្រះសីហនុ ។
ក្រៅពីនេះក៏មានតំបន់សេដ្ឋកិច្ចពិសេសចេជាំង ដែលជាស្ពាន នៃទំនាក់ទំនងរវាងតំបន់សេដ្ឋកិច្ច ជាមួយក្រុង-ខេត្តព្រះសីហនុ បានជួយទ្រទ្រង់គ្រួសារប្រជាពលរដ្ឋបានមួយចំនួនធំ ។ ទោះក្នុងតំណាក់កាលកូវីដ-១៩ និងក្រោយកូវីដ-១៩ តំបន់សេដ្ឋកិច្ចនៅតែដំណើរការរបស់ខ្លួន ក្នុងការជួយបង្កើនសេដ្ឋកិច្ចរបស់ខេត្ត និងប្រជាពលរដ្ឋ ។ តំបន់សេដ្ឋកិច្ចចេជាំង បានជួយដល់កម្មកររបស់យើងបានជិត ១ម៉ឺននាក់ រួមចំណែកជួយកម្មកររបស់យើង និងមានគោលដៅពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ។
ឯកឧត្តម គួច ចំរើន បានបន្តថា ខេត្តព្រះសីហនុក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ផ្អែកតាមការពិគ្រោះយោបល់របស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ ទាក់ទងការរៀបចំផែនការមេ ក្រសួងសេដ្ឋកិច្ចបានជ្រើសរើសទីក្រុងស៊ីនជិន ជាទីប្រឹក្សាពិគ្រោះយោបល់រៀបចំផែនការមេ បន្តទៅមុខយ៉ាងរលូន ។
បើមិនមានការប្រែប្រួលផែនការនេះនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៤ខាងមុខ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម, ពាណិជ្ជកម្ម, ទេសចរណ៍, ត្រូវការពេលវេលាដើម្បីជំរុញបច្ចេកវិទ្យាកម្រិតខ្ពស់ ពិសេសជំរុញធនធានមនុស្ស ឈានទៅតំបន់ឧស្សាហកម្ម និងការអភិវឌ្ឍខេត្តព្រះសីហនុ ដោយជ្រើសរើសយករដ្ឋបាល ពិសេស ឬរដ្ឋបាលស្វយ័ត កិច្ចការសំខាន់ត្រូវការឈ្វេងយល់បន្ថែមទៀត។ សង្ឃឹមថានឹងជួយសម្របសម្រួលទៅលើការសិក្សារដ្ឋបាលពិសេស ឬរដ្ឋបាលស្វយ័ត គោលដៅតម្រង់ទិសខេត្តព្រះសីហនុ ជាផ្សារហិរញ្ញវត្ថុ ដោយសង្ឃឹមថា នឹងកើតឡើងតំបន់សេដ្ឋកិច្ចពិសេសលីវនីញ ប្រទេសចិន នៅលើទឹកដីខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឱ្យអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ជួយជំរុញការហោះហើរត្រង់ពីប្រទេសចិន មកខេត្តព្រះសីហនុ ។ ជួយជំរុញការសាងសង់មន្ទីរពេទ្យតំបន់នៅខេត្តព្រះសីហនុ និងជួយជំរុញការសាងសង់ ជួសជុលផ្លូវជាតិលេខ៣ឡើងវិញ ពីវាលរេញដល់ត្រពាំងរពៅ ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ។
ជាការឆ្លើយតបទៅនឹងសំណើ របស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោក Fan Manjiang សន្យាពាំនាំសំណើរ សំណូមពររបស់អភិបាលខេត្តព្រះសីហនុ ទៅស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋាភិបាល ចិន ដើម្បីជំរុញការហោះហើរត្រង់ ក៏ដូចជាការកសាងមន្ទីរពេទ្យ និងសាងសង់ ជួសជុលផ្លូវជាតិលេខ៣ ព្រមទាំងគាំទ្រអ្នកវិនិយោគិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ៕ ដោយ ងូ សុមុនី


.j.jpg)
Wednesday, November 22, 2023
រដ្ឋមន្ត្រីទូរគមនាគមន៍ ស្នើឱ្យក្រុមហ៊ុនជប៉ុនផ្នែកបច្ចេកវិទ្យា មកបើកសាលាបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក Takahashi Fumiaki និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការងារសហប្រតិបត្តិ និងការងារអាទិភាពរបស់ក្រសួង។
លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក Takahashi Fumiaki និងគណៈប្រតិភូ និងបានជម្រាបជូនអំពីការងារអាទិភាព របស់ក្រសួងដែលរួមមាន៖ (១) ការលើកកម្ពស់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិត តាមរយៈការសាងសង់បង្គោលអង់តែនបន្ថែម (២) ការលើកកម្ពស់រដ្ឋាភិបាលឌីជីថល នៅតាមគ្រប់ក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល (៣) ការលើកកម្ពស់អក្ខរកម្មឌីជីថល ទៅដល់អ្នកប្រើប្រាស់ និងអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថលនៅកម្ពុជា។
លោក Takahashi Fumiaki បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដែលបានទទួលជួបប្រជុំជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា។
លោក Takahashi Fumiaki ក៏បានជម្រាបជូនពីឯកទេសពិសេសរបស់ក្រុមហ៊ុនជប៉ុន ពាក់ព័ន្ធនឹងការផ្តល់សេវាទៅកាន់អ្នកប្រើប្រាស់ ដែលក្នុងនោះមានសមាជិករបស់សមាគម ដែលជាក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញ ក្រុមហ៊ុនអភិវឌ្ឍកម្មវិធីផ្តល់ព័ត៌មានតំបន់ ដើម្បីជំរុញកំណើនទេសចរណ៍ និងទាក់ទាញការវិនិយោគ ព្រមទាំងក្រុមហ៊ុនដែលមានបច្ចេកវិទ្យាថ្មីសាងសង់ផ្លូវថ្នល់ ដោយប្រើដីលាយបេតុង ដោយកាត់បន្ថយចំណាយប្រហែល៦០% បើធៀបនឹងផ្លូវបេតុងសុទ្ធ។
គណៈប្រតិភូជប៉ុន ក៏បានបញ្ជាក់បន្ថែមថា សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យនៅកម្ពុជានៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុននៅកម្ពុជា និងសមាជិកនៅប្រទេសជប៉ុន។
លោករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយ និងគាំទ្រចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានបង្ហាញនូវចំណាប់អារម្មណ៍លើការសាងសង់ផ្លូវ ដោយបច្ចេកវិទ្យាថ្មី និងចុះពិនិត្យការសាងសង់ផ្លូវគំរូនៅខេត្តតាកែវ ដែលបាននិងកំពុងសាងសង់ ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមហ៊ុនជប៉ុនផ្នែកបច្ចេកវិទ្យា ឱ្យសិក្សាបង្កើតកិច្ចសហការជាមួយសាកលវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា លើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ឬក្រុមហ៊ុនអាចបើកសាលាបណ្តុះបណ្តាលខ្លួនឯង ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងគាំទ្រ ដើម្បីអាចមានលទ្ធភាពទទួលបានជំនាញខ្ពស់ អាចធ្វើការនៅប្រទេសជប៉ុន និងចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សមាគម ជួយជំរុញនិងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន មកបោះទុនវិនិយោគនៅកម្ពុជា៕
Tuesday, November 21, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍អ្នកវិនិយោគជប៉ុន និងអរគុណជប៉ុនតែងគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ប្រកបដោយក្តីរីករាយរាល់អ្នកវិនិយោគជប៉ុន។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងគាំទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងគណៈប្រតិភូ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ លោក តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន សែន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម ព្រមទាំងបានគាំទ្រព្រឹត្តិការណ៍បាញ់កាំជ្រួចកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រោមការរៀបចំទ្បើងដោយសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។
លោក តាកាហាស៊ី ហ្វូមីអាគី បានបញ្ជាក់ថា សមាគមជប៉ុន-កម្ពុជា បាននិងកំពុងជំរុញអ្នកវិនិយោគធុនតូច និងមធ្យមរបស់ជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនជាអាទិ៍៖ ការបោសសម្អាតមីន, គមនាគមន៍ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជួសជុលយានយន្ត និងគិលានុបដ្ឋាកជាដើម។ លើសពីនេះ សមាគម ក៏គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា សម្រាប់សម្របសម្រួលដល់ដំណើរការសហប្រតិបត្តិការរវាងធុរកិច្ចជប៉ុន និងកម្ពុជា នាពេលឆាប់ៗខាងមុខផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានការស្វាគមន៍ លោក តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីម្តងទៀត។ សម្តេចធិបតី ក៏បានអរគុណដល់សមាគមជប៉ុន-កម្ពុជា ដែលបានសហការរៀបចំឱ្យមានព្រឹតិ្តការណ៍បាច់កាំជ្រួចអបអរសាទរខួបទំនាក់ទំនងការទូតនៃប្រទេសទាំងពីរដោយរលូន។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទាំងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាព និងការជំរុញការវិនិយោគ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងភាពរីករាយស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុនមកកាន់កម្ពុជា ព្រមទាំងបានជម្រាបជូនគណៈប្រតិភូអំពីភាពទាក់ទាញនៃច្បាប់វិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះនៅកម្ពុជា៕
Monday, November 20, 2023
រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ពលរដ្ឋដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ សូមទៅពិនិត្យសុខភាព ពិសេសធ្វើតេស្ដរកជាតិស្ករក្នុងឈាម ដើម្បីការពារ និងងាយព្យាបាលជំងឺទឹកនោមផ្អែមទាន់ពេល
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដលប្រជាពលរដ្ឋ ដែលមានមានអាយុចាប់ពី៤០ឆ្នាំឡើង ត្រូវប្រញាប់ទៅពិនិត្យសុខភាព ជាពិសេសធ្វើតេស្ដរកជាតិស្ករនៅក្នុងឈាម ដើម្បីការពារ និងងាយព្យាបាលជំងឺទឹកនោមផ្អែមទាន់ពេលវេលា។
ការថ្លែងដូច្នេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម» ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល រួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO)។
លោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា ផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម គឺធ្ងន់ធ្ងរណាស់សម្រាប់សុខភាព ដូច្នេះសូមអំពាវដល់ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវយកចិត្ដទុកដាក់ខ្ពស់ពិសេសត្រូវប្រុងប្រយ័ត្នកុំឱ្យកើតនូវជំងឺទឹកនោមផ្អែម។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបន្ដថា «ត្បិតណាស់ជំងឺទឹកនោមផ្អែម មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អាចបង្កផលវិបាកឱ្យកើតមានជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈ ជាដើម។ ប៉ុន្ដែជំងឺនេះអាចការពារបាន និងចៀសវាងបាន ហើយបើឈឺហើយ ក៏អាចការពារដោយការព្យាបាល។ ដូច្នេះសូមប្រជាពលរដ្ឋយើងប្រញាប់ទៅធ្វើតេស្ដរកជាតិស្ករក្នុងឈាម ដើម្បីបានដឹង និងព្យាបាលទាល់ពេលវេលា»។
លោកសាស្រ្ដាចារ្យបានថ្លែងបន្ថែមថា ក្នុងនាមក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រញាប់ទៅពិនិត្យសុខភាព ជាពិសសទៅមើលជាតិស្ករក្នុងខ្លួន ដែលជាកាតព្វកិច្ចក្នុងការពារគ្រួសារខ្លួននីមួយៗ ដែលចៀសវាងនូវការខាតបង់នូវថវិកា នៅក្នុងចំណាយលើជំងឺនោមផ្អែមនេះ និងសូមចួលរួមការពារសុខភាព ហើយបើពិនិត្យឃើញជំងឺទឺកនោមផ្អែម សូមទទួលការព្យាបាលឱ្យបានត្រឹមត្រូវ និងពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ។
ក្នុងឱកាសនោះលោករដ្ឋមន្ដ្រីក៏បានផ្ដល់សារគន្លឹះចំពោះអ្នកកើតជំងឺនោមផ្អែម ដើម្បីចៀសវាងពីជំងឺទឹកនោមផ្អែម រួមមាន៖
១៖ រក្សាទម្ងន់ (កុំឱ្យឡើងលើសទម្ងន់)
២៖ សូមធ្វើលំហាត់ប្រាណ
៣៖ ការបរិភោគ ចៀសវាងអាហារដែលមានផលប៉ះពាល់ ដូចជាភេសជ្ជៈផ្អែម អាហារផ្អែម (ដែលមានជាតិស្ករច្រើន) ឬសាច់ក្រហម
៤៖ ត្រូវទៅពិនិត្យសុខភាព គឺធ្វើតេស្ដរកជាតិស្ករ
៥៖ ធ្វើការព្យាបាល
សម្រាប់អ្នកមិនទាន់កើតជំងឺទឹកនោមផ្អែមវិញ ដើម្បីការពារ គឺទោះបីជាក្មេងក៏ដោយ កុំឱ្យពិសាទឹកក្រូច ទឹកដែលផ្អែម និងជំនួសដោយទឹកសុទ្ធ។ លើសពីនោះចាប់ពីពេញវ័យឡើងទៅ ត្រូវបរិភោគអាហារដែលមានសុខភាពល្អ កាត់បន្ថយអាហារផ្អែម ប្រៃ និងសំបូរកាឡូរីលើសពីតំរូវការ ព្រមទាំងការហាត់ប្រាណត្រឹមត្រូវទៀងទាត់ រក្សាទម្ងន់ក្នុងកម្រិតល្អ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ និងកុំពិសារបារី៕
Sunday, November 19, 2023
.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិសប្បុរសធម៌ឆឺជី បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអំណោយជូនបុគ្គលិកជាប់កិច្ចសន្យា ផ្នែកលូទឹក បូមលូ និងអាងចម្រោះទឹកកង្វក់
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារខេមរានី
ស.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិសប្បុរសធម៌ឆឺជី បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអំណោយជូនបុគ្គលិកជាប់កិច្ចសន្យា ផ្នែកលូទឹក បូមលូ និងអាងចម្រោះទឹកកង្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលពួកគាត់បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង។
#សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ #សហភាពសហព័ន្ធយុវជនកម្ពុជា #លូទឹក #សំអាត #សំរាម #អាងចម្រោះទឹក
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធវិស័យកសិកម្ម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, រដ្ឋមន្ត្រីក្រសួងកសិកម្ម និងពាក់ព័ន្ធដែលបានប្រឹងប្រែងរួមគ្នា ឱ្យគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធវិស័យកសិកម្ម ត្រូវបានដាក់ឱ្យអនុវត្តជាមួយដំណើររបស់រាជរដ្ឋាភិបាលមិនទាន់បាន៩០ផង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមកម្មវិធីនយោបាយពាក់ព័ន្ធវិស័យកសិកម្ម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាដែលប្រទេសជាច្រើនជួបវិបត្តិស្បៀងពេលជំងឺកូវីដ១៩រាតត្បាត និងវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនជាដើមនោះ បែរជាកម្ពុជាធានាបានសន្តិសុខស្បៀង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលទ្ធផលនេះ ទទួលបានដោយសារការដាក់ចេញគោលនយោបាយមួយបានត្រឹមត្រូវ កត្តាសុខសន្តិភាព និងអំណោយផលផ្នែកធម្មជាតិជាដើម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាពិភពលោកមានវិបត្តិមនុស្សអាចផ្អាកការដើរលេង តែមិនអាចផ្អាកការហូបចុកនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមែននៅសុខៗគេមកទិញអង្ករពីកម្ពុជានោះទេ គឺកើតចេញពីការប្រឹងប្រែងស្វះស្វែងរកទីផ្សារ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនសំខាន់រឿងកសិករលក់ស្រូវបានថ្លៃនោះទេ អ្វីដែលសំខាន់កសិករសល់បានលុយប៉ុន្មាន?
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចេកវិទ្យាផ្នែកកសិកម្មត្រូវធ្វើទំនើបកម្មជាប្រចាំ ដើម្បីបង្កើនផលិតកម្ម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកលក់ចង់បានថ្លៃ អ្នកទិញចង់បានថោក។ ផ្អែកលើបញ្ហានេះ រាជរដ្ឋាភិបាលបានគិតគូរជាប់ប្រចាំ ដើម្បីរក្សាតម្លៃមួយអាចទទួលបានទាំងអស់គ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលប្រាក់ខែឡើង ហើយទំនិញឡើងដែរ អ៊ីចឹងគឺនៅតែដដែល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រឹងប្រែងចុះជួយប្រជាកសិកររងគ្រោះទឹកជំនន់នាពេលកន្លងទៅ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្នើឱ្យអ្នករកស៊ីលើវិស័យកសិកម្ម កុំប្រកួតប្រជែងគ្នាឯង រហូតបាត់បង់លទ្ធភាពជាមួយអ្នកខាងក្រៅ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចមាត្រដ្ឋាន ចាំបាច់ណាស់ សម្រាប់ធានាការប្រកួតប្រជែង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចងក្រងជាគ្នាសហគមន៍របស់កសិករ គឺមានសារៈសំខាន់ណាស់ សម្រាប់បង្កើនផលិតកម្ម និងដាក់ចេញកិច្ចអន្តរាគមន៍ទាំងឡាយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យប្រើប្រាស់កិច្ចអន្តរាគមន៍ដល់កសិករបែបបុរេសកម្ម ជាជាងបែបប្រតិកម្ម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រការចងក្រងសហគមន៍កសិកម្ម ហើយធ្វើឱ្យទំនើបកម្ម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា មៀនប៉ៃលិន របស់កម្ពុជា មានលក់នៅលើអាលីបាបា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអ្នកពាក់ព័ន្ធជំរុញកសិផលឡើងលើផ្សារឌីជីថល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាការផ្តល់ឥណទានកសិកម្ម ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ស្មារតីប្រកួតប្រជែងទីផ្សារសេរី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋមិនអាចជួយរហូតដល់វិស័យឯកជនមិនប្រឹងនោះទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ឱ្យចាត់វិធានការលុបបំបាត់សកម្មភាពទាំងឡាយ ដែលធ្វើឱ្យបាត់បង់ការប្រកួតប្រជែងដោយស្មើភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគិតគូរភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគង់តែនាំផលិតផលមិនសម្រេចទៅគេ ហើយនាំផលិតផលសម្រេចមកវិញដដែល ដូច្នេះត្រូវពង្រឹងគុណភាពផលិតផលមិនសម្រេចដែលកម្ពុជាមាន ទៅផ្គត់ផ្គង់តាមរោងចក្រដែលត្រូវការវត្ថុធាតុដើមដូចជាកៅស៊ូជាដើម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កសិកម្មមិនសំខាន់លើបរិមាណនោះទេ តែសំខាន់ការទទួលបានចំណូល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនសំខាន់ថាចិញ្ចឹមអ្វី ឬដាំអ្វីនោះទេ តែឱ្យត្រូវទីផ្សារ ហើយកសិករទទួលបានចំណូល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គាំទ្រកសិផលខ្មែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត»។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីបច្ចេកទេសដែលរើសទៅជួយកសិករ ត្រូវរើសអ្នកដែលចុះជួយជាក់ស្តែង មិនមែនប្រលងយកតែក្របខណ្ឌ ប្រលងហើយទុកចោលនោះទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនដែលប្រលងទៅធ្វើជាមន្ត្រីបច្ចេកទេសចុះជួយកសិករ ត្រូវធ្វើការងារដោយបេះដូង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងណែនាំឱ្យកសិករចងក្រងគ្នាជាសហគមន៍ តែពេលខ្លះក្រសួងពាក់ព័ន្ធធ្វើការមិនសហការគ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចនឹងពិនិត្យរចនាសម្ព័ន្ធនៅតាមក្រសួងស្ថាប័នរដ្ឋ ដើម្បីបញ្ចៀសការអនុវត្តន៍តួនាទីភារកិច្ចជាន់គ្នា។