Thursday, April 17, 2025

នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីចិន ឯកភាពកសាង​សហគមន៍​វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល

(ភ្នំពេញ)៖ ក្នុងជំនួបទ្វេភាគីនាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសពូនជ្រំចំណង​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យរឹងតែរឹងមាំ ព្រមទាំងបានឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុង​យុគ​សម័យថ្មី គ្រប់រដូវកាល។

យោងតាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាង​កក់​ក្តៅបំផុតចំពោះលោកប្រធានាធិបតី ដែលបានអញ្ជើញ​បំពេញ​ទស្សនកិច្ចជាថ្មីម្តងទៀតនៅកម្ពុជា។ សម្តេចមហាបវរធិបតី បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជន​ចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​គូសបញ្ជាក់ថា ជំនួយរបស់​មិត្ត​ចិន បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់​ក្នុងការជំរុញ​ការ​អភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើក​កម្ពស់​ជីវភាពប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតីបានសង្កត់ធ្ងន់ថា ដំណើរ​ទស្សនកិច្ច​របស់​លោកប្រធានាធិបតី ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹង​មាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំង​ពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។

ជាការឆ្លើយតប លោក ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះ​ការ​ទទួល​ស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែង​សេចក្តី​សោម​នស្សរីករាយដែលបានមកបំពេញទស្សនកិច្ចម្តងទៀត​នៅ​កម្ពុជា។ លោកប្រធានាធិបតី បានអបអរសាទរ និងវាយតម្លៃខ្ពស់​ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រម​ទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោក ស៊ី ជីនពីង បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំ​ដ៏ឈ្លាស​វៃរបស់សម្តេចមហាបវរធិបតី កម្ពុជានឹងបន្តរក្សាបាន​នូវសុខ​សន្តិ​ភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។

ក្នុង​នាមជាមិត្តដែកថែបរបស់កម្ពុជា, លោក ស៊ី ជីនពីង បានលើក​ឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់​វិស័យ​ជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រ​កម្ពុជា​យ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេច​បាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

សម្តេចមហាបវរធិបតី និងលោក ស៊ី ជីនពីង បានពិភាក្សាផ្លាស់​ប្តូរ​យោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើ​វិស័យអាទិភាព រួមមាន៖ នយោបាយ, សន្តិសុខ ការពារជាតិ, ពាណិជ្ជ​កម្ម វិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាង​ប្រជា​ជន និងប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។

លោក ស៊ី ជីនពីង ប្តេជ្ញាជំរុញវិនិយោគិន និងទេសចរចិនកាន់តែ​ច្រើនមកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពបោសសំអាតមីន បន្ត​​ជួយគម្រោងផ្លូវជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនចំនួន ១.០០០ កន្លែង​ក្នុងរយៈពេល៣ឆ្នាំ៕

0 Reviews:

Post a Comment