Sunday, September 1, 2024

រដ្ឋមន្ត្រីទេសចរណ៍ ស្នើមគ្គុទ្ទេសក៍ទេសចរណ៍បន្តជួយផ្សព្វផ្សាយពីព្រែកជីកហ្វូណតេជោ ជៀសវាងការបកស្រាយនិងផ្សព្វផ្សាយដែលមិនមានមូលដ្ឋានច្បាស់លាស់

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា មគ្គុទ្ទេសក៍ទេសចរណ៍ដែលបានសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្ត អាចយល់ដឹងជ្រាបពីគម្រោងព្រែកជីកហ្វូណតេជោ ទើបលោករដ្ឋមន្ត្រីស្នើមគ្គុទ្ទេសក៍ទេសចរណ៍បន្តជួយផ្សព្វផ្សាយ និងបកស្រាយឱ្យបានត្រឹមត្រូវ ជៀសវាងការបកស្រាយនិងផ្សព្វផ្សាយដែលមិនមានមូលដ្ឋានច្បាស់លាស់។

ការស្នើនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម សុខ សូកេន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនមគ្គុទ្ទេសក៍ទេសចរណ៍ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរចំពោះការបើកការដ្ឋានព្រែកជីកហ្វូណតេជោជាប្រវត្តិសាស្រ្ត កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាសក្ខីភាពនៃការសម្រេចបាននូវស្នាដៃថ្មី ដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបានបង្ហាញពីសមត្ថភាព លទ្ធភាពពេលលេញ និងឆន្ទះដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ការកសាងព្រែកជីកហ្វូណនតេជោ គឺជាការអនុវត្តតាមចក្ខុវិស័យរបស់មេដឹកនាំអាណាចក្រហ្វូណន ដែលបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិជាប្រព័ន្ធធារាសាស្រ្តជួយដល់ការស្រោចស្រពក្នុងវិស័យកសិកម្ម និងផ្តល់កម្លាំងសេដ្ឋកិច្ចបន្ថែមដល់កម្ពុជា ព្រមទាំងបង្ហាញអំពីកិត្យានុភាព ឯករាជ្យជាតិ អធិបតេយ្យ និងការរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា មគ្គុទ្ទេសក៍ទេសចរណ៍ដែលបានសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្ត ប្រហែលអាចយល់ដឹងជ្រាបកាន់តែស៊ីជម្រៅលើគំនិតផ្តួចផ្តើមជាប្រវត្តិសាស្រ្តនេះ ហើយលោករដ្ឋមន្ត្រីស្នើមគ្គុទ្ទេសក៍ទេសចរណ៍បន្តជួយផ្សព្វផ្សាយ និងបកស្រាយឱ្យបានត្រឹមត្រូវ ជៀសវាងការបកស្រាយ និងផ្សព្វផ្សាយដែលមិនមានមូលដ្ឋានច្បាស់លាស់។

ឯកឧត្តមរដ្ឋមន្ត្រីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកទ្បើងរបស់សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) ជាពិសេសសារសំទ្បេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ទ្បាវ-វៀតណាម បានធ្វើឱ្យសាធារណជនជាតិនិងអន្ដរជាតិកាន់តែយល់ច្បាស់ និងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ នេះថា៖ ទី១.មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ទ្បើយ ទី២.មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចជាមួលបង្កាច់នោះទ្បើយ និងទី៣.មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយទ្បើយ ប៉ុន្តែគឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ កុំចាញ់បោកនយោបាយជ្រុលនិយមរបស់ជនអគតិមួយចំនួន ដែលព្យាយាមបំភាន់ការពិត និងឆ្លៀតឱកាសកេងចំណេញនយោបាយ បង្កជាចលនាប៉ៈពាល់ដល់សុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម។ ឯកឧត្តមក៏សូមលើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យចូលរួមធ្វើដំណើរកម្សាន្តដោយឥតគិតថ្លៃតាមបណ្តាខេត្តទាំង៤នេះ តាមសេចក្តីប្រកាសរបស់សម្តេចធិបតី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ។

សូមជម្រាបថា បច្ចុប្បន្ន មគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបមានចំនួន៥,៣៧៩នាក់ ដែលចែកចេញជា១២ភាសាផ្សេងៗគ្នា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍គិតគូរបើកវគ្គបណ្តុះបណ្តាល មគ្គុទ្ទេសក៍ទេសចរណ៍ភាសាដែលមានការខ្វះខាត និងគិតគូរបើកវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ដើម្បីលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ទេសចរណ៍ដែលមានបទពិសោធន៍ខ្ពស់៕


0 Reviews:

Post a Comment