Tuesday, May 14, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះវេលាម៉ោង៨ព្រឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅ​ប្រទេស​កូរ៉េ​ខាងត្បូងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បី​ពង្រឹង​ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្ម​រវាងកម្ពុជា និងកូរ៉េខាងត្បូង។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ធ្វើឡើងតបតាមការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។

អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗ​នៃ​រាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងទស្សនកិច្ចជាលើកដំបូងលើទឹកដីកូរ៉េខាងត្បូងក្នុងឋានៈជានាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី យូន សកយ៉ល។ ក្នុងជំនួបនេះ នឹងពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហ​ប្រតិ​បត្តិ​ការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់​ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ​ចំនួន​ពាក់ព័ន្ធការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីកូរ៉េ​ខាង​ត្បូង លោក ហាន់ ដុកស៊ូ (Han Duck-soo) និងប្រធានរដ្ឋសភា លោក គីម ជីនណូ (Kim Jin-pyo)។

សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយ​ក្រុម​​ហ៊ុនកូរ៉េសំខាន់ៗមួយចំនួន។ ឆ្លៀតក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ក៏នឹងជួប​សំណេះ​សំណាលជាមួយសហគមន៍ខ្មែរ​កំពុងរស់នៅសិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េខាងត្បូងផងដែរ។

សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ១៩៩៧។ ចំណងការទូតនេះ ត្រូវបានបង្កើតឡើងវិញ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ឬអាចហៅបានថា សម្តេចតេជោ ជាឆ្មបបង្កើតនូវទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង។

បន្ទាប់ពីបង្កើតជាផ្លូវការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ​ត្រូវបាន​ពង្រឹង​ពង្រីក និងលើកកម្ពស់ឱ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់។

ដើម្បីពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង សមេ្ដចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចំនួន៨លើក។ ក្នុងនោះទស្សនកិច្ចផ្លូវការចំនួន៥លើក ធ្វើឡើងឆ្នាំ១៩៩៦, ២០០១, ២០០៦, ២០០៩ និង ២០១៤។ ទស្សនកិច្ចក្រៅផ្លូវការចំនួន ៣លើក ធ្វើឡើងនៅឆ្នាំ២០០៨, ២០២០ និង២០២២។

កូរ៉េខាងត្បូង បានក្លាយជាប្រទេសមួយ ដែលបានចូលរួម​ចំណែក​យ៉ាងច្រើនលើកិច្ចអភិវឌ្ឍន៍នៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់ផ្លូវ លើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់វិស័យសុខាភិបាល និងការអភិវឌ្ឍជនបទជាដើម។

តាមរយៈទំនាក់ទំនងល្អប្រសើរ កម្ពុជា និងកូរ៉េខាងត្បូង ក៏បានពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាក្នុងកំណើនគួរឱ្យកត់សម្គាល់។

ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១លានដុល្លារ។ រយៈពេល៣ខែឆ្នាំ២០២៤ សម្រេចបានជិត ២០០លានដុល្លារអាមេរិក។

ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកូរ៉េក្នុងឆ្នាំ២០២៣ រួមមាន ម៉ាស៊ីន និងឧបករណ៍​អគ្គិ​សនី ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ អាលុយមីញ៉ូម ម៉ាស៊ីន និងបរិធាន​មេកា​និក វត្ថុធ្វើអំពីស្បែក ប្រដាប់ប្រដាក្មេងលេង វត្ថុចាំបាច់សម្រាប់កីឡា ផលិតផលឱសថ ប្លា​ស្ទិក ក្រដាសនិងក្រដាសកាតុង កៅស៊ូ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ជាដើម។

ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីកូរ៉េ ក្នុងឆ្នាំ២០២៣ រួមមាន យានជំនិះ ម៉ាស៊ីន ឧប​ករណ៍​អគ្គិសនី ភេសជ្ជៈ ស្រា និងទឹកខ្មេះ ស្បែកឆៅ (ក្រៅពីស្បែកជាប់រោម) ស្បែកសម្លាប់ ប្លាស្ទិក ផលិតផលឱសថ វត្ថុវាយនភណ្ឌកែច្នៃរួចផ្សេងទៀត កៅស៊ូ ម៉ាស៊ីន និងបរិធាន​មេកានិកជាដើម។

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីជាមួយគ្នា។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរមានទំហំកាន់តែធំឡើង។

ដោយឡែកការវិនិយោគវិញ ­ចាប់ពីឆ្នាំ១៩៩៤ ដល់ដើឆ្នាំ២០២៤នេះ ទុនវិនិយោគមកពី​កូរ៉េខាងត្បូង មានទំហំជាង ៥ពាន់លានដុល្លារអាមេរិក៕


0 Reviews:

Post a Comment