ព្រះសីហនុ: ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រសៀលថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(32 SEA GAME)ខេត្តព្រះសីហនុ ត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា៣ប្រភេទ គឺ ទី១-កីឡាទូកក្តោង, ទី២-កីឡាម៉ូតូទឹក, និងទី៣-កីឡាបាល់ទះលើឆ្នេរខ្សាច់ ដែលរៀបំប្រកួតនៅនៅលើផ្ទៃសមុទ្រឆ្នេរសុខា ជាប់ទីលានតេជោ (ពយតាមូង)។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ពីកម្មវិធីប្រកួតកីឡា៣ ប្រភេទមានដូចជា កីឡាទូកក្តោងរៀបចំនៅឆ្នេរសុខា យើងបានរៀនចំរួចរាល់ ១០០ភាគរយ ដែលត្រូវចាប់ផ្តើមធ្វើការប្រកួតនៅថ្ងៃទី០២ ខែឧសភា វេលាម៉ោង ១០ព្រឹក និងបញ្ចប់ការប្រកួតនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។ ចំពោះកីឡាម៉ូតូទឹកយើងមិនទាន់រៀបចំនៅឡើងទេ ដោយសារនៅពេលដែលបញ្ចប់ការប្រណាំងទូកក្តោង យើងនឹងយកទីតាំងនេះ រៀបចំធ្វើការប្រណាំងកីឡាម៉ូតូទឹកបន្ត។ ដោយឡែកចំពោះការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ រៀបចំនៅ ពយជំទាវម៉ៅ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់។ ការប្រកួតកីឡាទាំងបីប្រភេទ យើងក៏មានយុវជនស្ម័គ្រចិត្តរបស់ ស.ស.យ.ក. ចំនួន ១១៧នាក់ ចូលរួមសហការជាមួយក្រុមការងារបច្ចេក ទេស នៃគណ:កម្មការប្រកួតកីឡាស៊ីហ្គេម ក្នុងការជួយសម្របសម្រួល បដិសណ្ឋារកិច្ច ការរៀបចំសណ្តាប់ធ្នាប់ ពិធីការ សម្រាប់ក្រុមកីឡានីមួយៗ ដើម្បីឱ្យការប្រកួត និងការស្នាក់នៅរបស់ប្រតិភូកាន់តែមានភាពងាយស្រួល ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស ការប្រកួតគីឡាស៊ីហ្គេម ត្រូវបណ្តុះបណ្តាលដល់ LO (យុវជនស្ម័គ្រចិត្ត) ពីរៀបរបបនៃការសម្របសម្រួលដល់ក្រុមប្រតិភូកីឡា ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅខេត្តព្រះសីហនុ ។ រាជរដ្ឋាភិបាលបានធានាការស្នាក់នៅ និងផ្តល់អាហារជូនប្រតិភូកីឡា នៃបណ្តាប្រទេសដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គាម នៅក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុរបស់យើង ។ ដូច្នេះគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវមានការទទួលខុសត្រូវ ដោះស្រាយបញ្ហាប្រឈមនានា នៅតាមគោលដៅរបស់ខ្លួនឱ្យបានល្អ។ ទន្ទឹមនោះរដ្ឋបាលខេត្ត បានធ្វើការផ្សព្វ ផ្សាយជូនដល់សាធារណជន ដើម្បីចូលរួមលើកស្ទួយវិស័យកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ ភ្ញៀវទេសចរបរទេសបាន ទស្សនាដោយសេរី ប្រកបដោយសេចក្តីសប្បាយរីករាយ នាពេលខាងមុខ។ រដ្ឋបាលខេត្តក៏បានរៀបចំផ្ទាំងស្លាយ និងផ្ទាំង LCD សម្រាប់ធ្វើការផ្សព្វផ្សាយបន្តផ្ទាល់ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅតាមទីតាំងមួយចំនួន ក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាសប្បាយរីករាយគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅខេត្តព្រះសីហនុ មាន ៣ប្រភេទកីឡា៖ - ទូកក្តោងចាប់ផ្តើមប្រកួតនៅថ្ងៃទី០២ ខែឧសភា ម៉ោង១០ និង ៣០នាទីព្រឹក និងបញ្ចប់នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ។ -កីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចាប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣។ -កីឡាម៉ូតូទឹកចាប់ផ្តើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ៕ ដោយ ងូ សុមុនីសម្រួលដោយ:ដារ៉ា
0 Reviews:
Post a Comment