Sunday, April 9, 2023

អាជ្ញាធររាជធានីភ្នំពេញមមាញឹកនឹងការរៀបចំតុបតែងសង្ក្រាន្តវត្តភ្នំ អបអរបុណ្យចូលឆ្នាំថ្មីខាងមុខ, សូមប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញកំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អសោភ័ណភាពនៅទីសំខាន់មួយចំនួន ពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីត្រៀមរៀបចំសង្ក្រាន្តវត្តភ្នំ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះខាងមុខ។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់ថា សកម្មភាពរៀបចំនេះដឹកនាំដោយលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោកបានបន្តថា «គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ ការងាររៀបចំតុបតែងនៅរមណីយដ្ឋានវត្តភ្នំ គឺសម្រេចបានជាង៨០ភាគរយហើយ»។

លោកអភិបាលរងខណ្ឌដូនពេញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានអាចមកចូលរួមលេងកម្សាន្តក្នុងសង្ក្រាន្ដវត្តភ្នំ ដែលធ្វើឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីយប់ តាមថ្ងៃនីមួយៗ។

នាឱកាសរៀបចំសង្ក្រាន្ដវត្តភ្នំនោះ គឺមានកម្មវិធីបែបប្រពៃណីសាសនា និងកម្មវិធីកម្សាន្ដសប្បាយ ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរព ទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត និងការដាក់តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បវប្បធម៌។

គួរជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក មហាសករាជ១៩៤៥ ចុល្លសករាជ១៣៨៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣។











0 Reviews:

Post a Comment