Saturday, April 8, 2023

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រគល់អំណោយជូន កងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ នាឱកាសបុណ្យចូលឆ្នាំថ្មី

(ព្រះវិហារ)៖ លោក មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំអំណោយមួយចំនួន យកទៅប្រគល់ជូនកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ ចំណុះយោធភូមិភាគទី៤ និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំ៣ ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មី។

នៅក្នុងឱកាសនេះ លោក មាស សុខសេនសាន បានថ្លែងនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅ ពីលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយនគរបាល ពលទាហាន ពលនគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី រក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ជូនប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

លោកបញ្ជាក់ទៀតថា ក្នុងគោលបំណងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាពរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបងប្អូនកងកម្លាំងទាំង២អង្គភាព ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងនាំអំណោយយកមកចែកជូន កងទាហាន និងកងនគរបាលការពារព្រំដែនគោក នៅរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ចាប់តាំងពីឆ្នាំ២០០៨ មកដល់ពេលបច្ចុប្បន្ននេះ។

នៅក្នុងពិធីដ៍សោមនស្សរីករាយនេះ លោក មាស សុខសេនសាន បានថ្លែងជម្រាបជូនអំពីព្រឹត្តិការណ៍ និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេស ភាពការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ប្រកបដោយភាពប្រាកដប្រជា និងគ្រប់ជ្រុងជ្រោយ ដើម្បីឈានដល់ការសម្រេចបានចក្ខុវិស័យរយៈពេលវែង គឺប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោក មាស សុខសេនសាន បានថ្លែងនូវការកោតសរសើរ និងសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកងកម្លាំងទាំងអស់ ដែលឈរជើងនៅសមូរភូមិមុខតំបន់មុំ៣។

ក្នុងនោះ បានឧបត្ថម្ភថវិកា ក្នុងម្នាក់៥០,០០០រៀល អង្គភាពនីមួយៗ ថវិកា២,០០០,០០០រៀល រួមជាមួយថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនសរុបប្រមាណ១១២លានរៀល រួមជាមួយប្រាក់ឧបត្ថម្ភរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្តសរុបចំនួន២៥លានរៀល ជូនដល់កងកម្លាំងទាំង២អង្គភាព៕

ដល់កងកម្លាំងទាំង២អង្គភាព៕

0 Reviews:

Post a Comment