Sunday, April 30, 2023

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជំរុញផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ដើម្បីពង្រឹងប្រៀបឈ្នះតាមទិសស្លោក រក្សាចាស់ បង្កើតថ្មី និងសមាជិកមួយរូប ជាសម្លេងឆ្នោតគាំទ្រមួយសន្លឹក

(កំពង់ឆ្នាំង)៖ ថ្លែងក្នុងពិធីសំណេះសំណាលនេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈម កង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ស្របតាមផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ដើម្បីពង្រឹងប្រៀបឈ្នះរបស់គណបក្ស គឺសម្រេចឲ្យបាននូវទិសស្លោក រក្សាចាស់ បង្កើតថ្មី និងសមាជិកបក្ស ១រូប គឺជាសម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ១សន្លឹក។

ពិធីនេះបានមានការចូលរួមពីគណបក្សស្រុក មន្រ្ដីរាជការដែលជាសមាជិក សមាជិកាគណបក្ស គណ:កម្មាធិការបក្សឃុំទាំង១៤ បក្សភូមិទាំង១៥៣ភូមិ ក្នុងស្រុករលាប្អៀរ ដើម្បីពិនិត្យឡើងវិញ អំពីសកម្មភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាគណបក្សគ្រប់ថ្នាក់ចុះជួយខេត្ត ស្រុក ដោយផ្ដោតទៅលើការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

តាមរបាយការណ៍របស់លោក សេង វិចិត្រ អភិបាលស្រុក និងជាប្រធានគណបក្សស្រុករលាប្អៀរ បានបញ្ជាក់ថា ស្រុករលាប្អៀរ មានបញ្ហាទំនាស់ សំណើ សំណូមពរ សរុបចំនួន១១៤ ករណី ក្នុងនោះក្រុមការងារបានធ្វើការដោះស្រាយ ក្រៅប្រព័ន្ធតុលាការ បានចំនួន៦៣ករណី កំពុងដោះស្រាយបានចំនួន៣០ករណី បន្តទៅសមត្ថកិច្ចតុលា២១ករណី។

បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី អ៊ុក រ៉ាប៊ុន បានរំលឹកដល់គណបក្សស្រុក ឃុំ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវ ខិតខំរិះរកពិធីសាស្រ្ដ សម្របសម្រួលដោះស្រាយទំនាស់ ឬបណ្ដឹងផ្សេងៗ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងតាមមធ្យោបាយក្រៅប្រព័ន្ធតុលាការ ។

ទាក់ទិនទៅនឹងការបោះឆ្នោត បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានក្រើនរំលឹកដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រៀមខ្លួន ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក៏ដូចជាចូលរួមបោះឆ្នោតដណ្ដើមប្រៀបឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ក្នុងពិធីនេះដែរ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ ក៏ដូចជាសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសក្នុងមូលដ្ឋានស្រុករលាប្អៀរ ឃុំទាំង១៤ ឃុំនេះ និងចូលរួមអបអរសាទរ ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងមកទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយសារតែប្រជាពលរដ្ឋ បានទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា និងផ្ដល់ការគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន៕

0 Reviews:

Post a Comment