(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់។ ពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហាវិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។
សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។
គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា បច្ចុប្បន្ននេះ វិទ្យាស្ថានមានគណៈគ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិកចំនួន ៤៧៨នាក់ នារី ១៤៨នាក់។ ក្នុងនោះសាស្រ្តាចារ្យមានសញ្ញាបត្របណ្ឌិតចំនួន ៩៥នាក់។ ឆ្នាំសិក្សា២០២២-២០២៣នេះ វិទ្យាស្ថានកំពុងបណ្ដុះបណ្ដាលនិស្សិតសរុប ៧,៨៦០នាក់ នារី ២,៥៦៨នាក់។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទីតាំងភ្នំពេញ មាននិស្សិតសរុប ៧,៧៤៧នាក់ នារី ២,៥២១នាក់ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ មាននិស្សិតកម្រិតវិស្វករសរុប ១១៣នាក់ នារី ៤៧នាក់។
លោករដ្ឋមន្ត្រីបានឱ្យដឹងផងដែរថា ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០ វិទ្យាស្ថានបានបន្តការខិតខំបន្ថែមទៀត ក្នុងការលើកកម្ពស់សមត្ថភាពស្ថាប័ន, សមត្ថភាពក្នុងការបណ្តុះបណ្តាល និងស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយបន្តពង្រឹងការអនុវត្តប្រព័ន្ធវាយតម្លៃគុណភាពអប់រំផ្ទៃក្នុងជាប្រចាំ និងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅបរទេស និងសហការជាមួយបណ្តាញសាកលវិទ្យាល័យអន្តរជាតិនានា។
ជាក់ស្តែងវិទ្យាស្ថានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សានៅបរទេសចំនួន ១៩៣ និងជាមួយបណ្តាសាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន០៩ សម្រាប់ការបណ្តុះបណ្តាល និងការស្រាវជ្រាវ និងកំពុងអនុវត្តកម្មវិធីអន្តរជាតិថ្នាក់វិស្វករ និងបរិញ្ញាបត្រជាន់ខ្ពស់ជាមួយ ECAM LaSalle នៃប្រទេសបារាំង, កម្មវិធីឌុបឌីប្លូមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាមួយវិទ្យាស្ថាន INSA de Rennes នៃប្រទេសបារាំង និងកម្មវិធី Pre-degree ជាមួយសាកលវិទ្យាល័យ Curtin University នៃប្រទេសអូស្ត្រាលី។
ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ វិទ្យាស្ថានបានជ្រើសរើសសាស្រ្តាចារ្យ ចំនួន ១១៤នាក់ ដើម្បីសិក្សាលើគម្រោងស្រាវជ្រាវចំនួន ៨៧គម្រោង។ លទ្ធផលនៃការសិក្សាត្រូវបានប្រគល់ជូនស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចូលក្នុងគោលនយោបាយអភិវឌ្ឍជាតិ ដូចជា៖ ការងារគ្រប់គ្រងបឹងទន្លេសាប, គុណភាពខ្យល់ ទឹក និងបរិស្ថាន, ការអភិវឌ្ឍថាមពល, ទូរគមនាគមន៍, សុវត្ថិភាពអាហារ, ធារាសាស្រ្ត, ការងារសំណង់ស៊ីវិល, ស្ថាបត្យកម្ម, អាជីវកម្មធនធានរ៉ែ, ព័ត៌មានវិទ្យា, និងគណិតវិទ្យាអនុវត្ត។ល។ ព្រមទាំងបានលើកទឹកចិត្តឱ្យបោះពុម្ពស្នាដៃស្រាវជ្រាវទៅក្នុងទស្សនាវដ្ដីជាតិ-អន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជា។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានបានបោះពុម្ពចំនួន ៤៨៤ អត្ថបទស្រាវជ្រាវ នៅក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្តជាតិ និងអន្តរជាតិល្បីៗរបស់ពិភពលោក។ ទន្ទឹមនឹងនេះ វិទ្យាស្ថានបាននិងកំពុងអនុវត្តគម្រោងសហប្រតិបត្តិការបច្ចេកទេសជាមួយដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំនិងស្រាវជ្រាវ និងសាកលវិទ្យាល័យអន្តរជាតិនានា ដើម្បីបន្តលើកកម្ពស់សមត្ថភាព ស្ថាប័ន ការបណ្តុះបណ្តាល និងការស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ មានដូចជា៖
* គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក (២០១៨-២០២៤)
* គម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (២០១៩-២០២៦)
* គម្រោងពង្រឹងការបណ្តុះបណ្តាលវិស្វកម្ម និងស្រាវជ្រាវសម្រាប់អភិវឌ្ឍឧស្សាហកម្មតាមរយៈការអប់រំផ្អែកលើការពិសោធន៍ (LBE) របស់ JICA (២០១៩-២០២៤)
* កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹក និងអនាម័យទីក្រុងដែលជាជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប (២០១៩-២០២៣)
* គម្រោងបណ្តុះបណ្តាលសហគ្រិនជំនាន់ថ្មីក្នុងជំនាញកែច្នៃអាហារ និងកសិកម្ម (FoodSTEM) ដែលជាមូលនិធិរបស់សហភាពអឺរ៉ុប (Erasmus) (២០១៩-២០២៣)
* គម្រោងបង្កើតវេទិកាគ្រប់គ្រងហានិភ័យនៃការបំពុលខ្យល់នៅកម្ពុជា ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលជប៉ុន (២០២២-២០២៧)
* គម្រោងគាំទ្រស្ថាប័ន របស់កម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលឧត្តមសិក្សា នៃប្រទេសបែលហ្សិក (ARES) (២០២២-២០២៧)។
* គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា(STEP-UP) ដែលជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (២០២៣-២០២៨)៕
0 Reviews:
Post a Comment