កំពង់ចាម÷សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងបាននិងកំពុងបង្កើនចំនួនក្របខ័ណ្ឌមន្រ្តីនគរបាលទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ឲ្យកាន់តែច្រើនបន្ថែម ទៀត ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានឱ្យមាន ភាពល្អប្រសើរ។
ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលភូមិភាគ២ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា សម្ដេចកំពុងខិតខំប្រឹងប្រែងបង្កើនចំនួនក្របខ័ណ្ឌមន្រ្តីនគរបាល រំលែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយបែងចែកពីការិយាល័យ និងនាយកដ្ឋាននានាដែល មានបុគ្គលិកច្រើន។ សម្ដេចក្រឡាហោម បញ្ជាក់ថា ការបង្កើនចំនួនមន្ត្រីនគរបាលទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នេះ គឺស្ថិតក្នុងចំណោមតួអង្គសំខាន់ដែលនៅជិតប្រជាពលរដ្ឋបំផុត ដូចជាក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប៉ុស្តិ៍សុខភាព និងគ្រូបង្រៀនជាដើម។
សម្ដេចក្រឡាហោម ក៏បានផ្ដល់ទស្សនាទានឱ្យសិស្សនគរបាលទាំងអស់ ខិតខំសិក្សារៀនសូត្រ និងត្រៀមខ្លួនបំពេញភារកិច្ចជាក់ស្ដែង និងសិក្សារៀនសូត្របន្ថែមពីការងារជាក់ស្ដែង ពិសេសពាក់ព័ន្ធនឹងការប្រែប្រួលនៃបទល្មើសប្រឈមៗ និងថ្មីៗ ដូចជាគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើស បច្ចេកវិទ្យាជាដើម។
សម្ដេចក្រឡាហោម ក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការផ្សារភ្ជាប់ការងារទៅនឹងជីវភាពប្រជាពលរដ្ឋផងដែរ។
សម្ដេចក្រឡាហោម បានបន្តថា ដើម្បីឱ្យនគរបាលមានការយល់ដឹង មានវិជ្ជាជីវៈ មានគុណវុឌ្ឍិ មានគុណធម៌ និងប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ត្រូវតែសិក្សារៀនសូត្រឱ្យបានត្រឹមត្រូវ ពោលគឺអ្នកដែលត្រូវបានប្រឡងជាប់ជាមន្រ្តីនគរបាល ត្រូវតែឆ្លងកាត់វគ្គសិក្សាជាក់ស្ដែង វគ្គមូលដ្ឋាននាពេលនេះមានរយៈពេល៤ខែ។ សម្ដេច បន្តថា មន្រ្តីនគរបាលដែលឆ្លងកាត់ការរៀនសូត្រ ប្រាកដជានឹងបំពេញភារកិច្ចបានល្អប្រសើរជាងអ្នកមិនបានរៀនសូត្រ៕
0 Reviews:
Post a Comment