ភ្នំពេញ៖ សារលិខិត អបអរសាទរទិវាអាស៊ាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២២។ 1.ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ គឺជាថ្ងៃដ៏វិសេសវិសាល ខណៈពេលដែលយើងទាំងអស់គ្នាប្រារព្ធខួបលើកទី ៥៥ឆ្នាំរបស់អាស៊ាន ក្នុងនាមជាអង្គការថ្នាក់តំបន់មួយ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នៅលើដំណើរដ៏វែងឆ្ងាយ ដែលបាននាំយើងទាំងអស់គ្នា ខិតចូលកាន់តែកៀកនឹងការសម្រេចបាននូវទស្សនៈវិស័យរបស់យើងក្នុងការកសាងឱ្យបាននូវសហគមន៍អាស៊ានមួយ ដែលយកប្រជាជនជាស្នូល ផ្តោតលើប្រជាជន និងសំលឹងឆ្ពោះទៅមុខទាំងអស់គ្នា ដោយពុំមានបោះបង់ចោលអ្នកណាម្នាក់។
2.ក្នុងរយៈពេល៥៥ឆ្នាំមកនេះ អាស៊ាន បានផ្លាស់ប្តូរខ្លួន ពីអង្គការដែលមានក្របខ័ណ្ឌធូររលុង ទៅជាអង្គការដែលមានរចនាសម្ព័ន្ធរឹងមាំ និងផ្អែកលើវិធានច្បាប់។ អាស៊ាន បានធ្វើដំណើរឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពនយោបាយសាកលលោក និងក្នុងកម្រិតតំបន់ និងបានលេចត្រដែតឡើងជាគ្រួសារមួយដ៏ខ្លាំងក្លា និងវាងវៃ។
3.ពិតណាស់ថា អាស៊ានមិនអាចធានាយ៉ាងដាច់ណាត់ថា ពុំមានទំនាស់ និងសង្រ្គាមនោះទេ ប៉ុន្តែយ៉ាងហោចណាស់អាស៊ានបានដើរតួនាទីជាអ្នកផ្តល់វេទិកាបើកចំហមួយ សម្រាប់កិច្ចសន្ទនា និងការពិគ្រោះយោបល់ប្រកបដោយភាពស្ថាបនា ដែលការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ សមិទ្ធផលដ៏ធំសម្បើមរហូតមកដល់បច្ចុប្បន្នបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយយ៉ាងខ្លាំងក្លារបស់ប្រមុខដឹកនាំអាស៊ាន ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាការនាំមកនូវវិបុលភាពសេដ្ឋកិច្ច ជូនសហគមន៍អាស៊ានមួយដែលប្រកបទៅដោយស្មារតីរួបរួមគ្នា និងសាមគ្គីភាព។ 4.ចាប់តាំងពីការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ និងក្នុងនាមជាសមាជិកដែលចូលក្រោយគេបង្អស់ កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងដំណើរការនៃការកសាងសហគមន៍ អាស៊ាន។ ឆ្នាំនេះ កម្ពុជាមានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣។
មូលបទនៃភាពជាប្រធានរបស់យើងគឺ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលមូលបទនេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញនូវស្មារតីរបស់អាស៊ានផ្អែកលើ “ការរួបរួមគ្នា” ដើម្បីជ្រោង និងលើកកម្ពស់មជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ាន នៅក្នុងសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ព្រមទាំងដើម្បីជំរុញការចូលរួមចំណែករបស់អាស៊ាន ចំពោះសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសកលលោក និងតំបន់។ 5.អស់រយៈពេលជាពីរឆ្នាំ នៃវិបត្តិជំងឺកូវីដ១៩នេះ អាស៊ាន មានលទ្ធភាពអាចជំនះបាននូវវិបត្តិសកលលោកនេះ ក៏ដូចជាផលប៉ះពាល់នានា ដែលបង្កឡើងដោយវិបត្តិនេះ ទៅលើវិស័យសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្លួន។ អាស៊ានបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់នានានៃវិបត្តិសុខាភិបាលមួយនេះ តាមរយៈការអនុម័តនូវក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដើម្បីផ្តល់ការការពារអាយុជីវិតរបស់ប្រជាជន និងដើម្បីថែរក្សាស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ច។
យើងទាំងអស់គ្នា អាចនិយាយដោយទុកចិត្តបានថា យើងកំពុងស្ថិតក្នុងដំណាក់កាលស្តារឡើងវិញ នាពេលបច្ចុប្បន្ននេះ។ 6.កម្ពុជាគឺជាអ្នកចូលរួមចំណែកយ៉ាងបុរេសកម្មដល់សហគមន៍សន្តិសុខ-នយោបាយអាស៊ាន រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវរួមគ្នាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។ យើងបានគាំទ្រដល់សន្ទុះនៃការរួមចំណែកយ៉ាងបុរេសកម្មរបស់អាស៊ានចំពោះសន្តិភាពក្នុងតំបន់ និងសកលលោក រួមទាំងតាមរយៈប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពរបស់ខ្លួនប្រមាណជិត ៨០០០ នាក់ នៅតាមបណ្តាបេសកកម្មនានារបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនទូទាំងសកលលោក។ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ ក៏បានបង្កើនភាពលេចធ្លោររបស់អាស៊ានក្នុងការដោះស្រាយនូវបញ្ហាមីន និងសំណល់ជាតិផ្ទុះនៃសង្គ្រាម នានាក្នុងទិដ្ឋភាពមនុស្សធម៌ ។ យើងជឿជាក់យ៉ាងរឹងមាំថា ការការពារសន្តិសុខមនុស្សជាតិ គឺជាផ្នែកដ៏សំខាន់មួយនៃការថែរក្សាសន្តិភាព និងសន្តិសុខសកលលោក។ 7.កម្ពុជានៅតែបន្តផ្តោតសារៈសំខាន់យ៉ាងខ្លាំង ចំពោះការលើកកម្ពស់គោលការណ៍ជាសកល នៃកិច្ចសហប្រតិបត្តិការមិត្តភាព និងសន្តិសហវិជ្ជមាន ដែលបានចែងក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
បច្ចុប្បន្ន យើងមានរដ្ឋភាគីចំនួន ៤៩ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ដែលធ្វើឱ្យភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ជាមួយភាគីខាងក្រៅកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងបានពង្រីកវិសាលភាពដល់ទ្វីបជាច្រើន និងជាការឆ្លុះបញ្ចាំងអំពីការកើនឡើងនូវសារៈសំខាន់របស់អាស៊ាននៅក្នុងកិច្ចការតំបន់ និងពិភពលោក។ 8.សម្រាប់អនាគត អាស៊ាននឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ បញ្ហាទាំងអស់នេះអាចធ្វើបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់របស់យើង ប្រសិនបើយើងមិនបានគ្រប់គ្រងបញ្ហាទាំងនេះឱ្យបានល្អ។
9.ទោះជាយ៉ាងណាក៏ដោយ វិបុលភាពនិងកំណើនរយៈពេលយូររបស់អាស៊ាន នឹងត្រូវពឹងផ្អែកលើភាពធន់របស់យើងក្នុងការជម្រុញឡើងវិញនូវការស្តារសេដ្ឋកិច្ច និងកំណើនក្នុងតំបន់។ យើងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអនុវត្តប្រកបដោយភាពទូលំទូលាយនូវគំនិតផ្តួចផ្តើមនានា ដែលមានតាំងពីបរិវត្តកម្មឧស្សាហកម្ម ឌីជីថលូបនីយកម្ម និងនវានុវត្តន៍ រហូតដល់ការធ្វើសមាហរណកម្មនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិច។ យើងចាំបាច់ត្រូវជំរុញឱ្យមានសហគមន៍អាស៊ានមួយ ប្រកបដោយភាពសុខដុម និងភាពរស់រវើកជាងមុន តាមរយៈការស្វះស្វែងរកបន្ថែមទៀតនូវកិច្ចការពារពលករទេសន្តប្រវេសន៍ ក៏ដូចជាការបង្កើនបន្ថែមទៀតនូវការគាំទ្រសម្រាប់របៀបវារៈនៃការអភិវឌ្ឍបៃតងប្រកបដោយបរិយាប័ន្ន និងគោលដៅការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ យើងគ្មានជម្រើសអ្វីក្រៅពីការពង្រឹងបន្ថែមទៀតនូវបរិវត្តកម្មឌីជីថល ដល់ដំណើរការនានានៃការជំរុញសហគ្រិនភាពយុវជន និងស្រ្តីរបស់យើងនោះទេ។ 10.ការអនុវត្តនូវព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប) នៅតែជាអាទិភាពដ៏សំខាន់មួយ។
អាសិបនឹងជំរុញនូវការស្តារឡើងវិញនូវសេដ្ឋកិច្ច ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ព្រមទាំងបង្កើតការងារយ៉ាងច្រើន និងពង្រឹងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោកទាំងមូល។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលជាសមាជិកអាសិប ដើម្បីជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ដើម្បីពង្រីកបន្ថែមទៀតនូវការសម្របសម្រួលលំហូរពាណិជ្ជកម្មឆ្លងដែន។ 11.លើសពីនេះទៀត កម្ពុជាមានគោលបំណង ក្នុងការជំរុញបន្ថែមទៀតនូវ ដំណើរការកសាងសហគមន៍អាស៊ាន តាមរយៈការសង្កត់ធ្ងន់នូវតម្រូវការចាំបាច់ក្នុងការសម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្តួចផ្តើមគន្លឹះនានា ស្ថិតក្រោមផែនការលម្អិតនៃការកសាងសហគមន៍អាស៊ាន ឆ្នាំ២០២៥ រួមទាំងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២២៥ (MPAC 2025) គំនិតផ្តួចផ្តើមសម្រាប់ការធ្វើសមាហរណកម្មអាស៊ាន ដំណាក់កាលទី៤ (IAI Work Plan IV) ជាដើម។
សារៈសំខាន់ នៃការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ នៅតែជារបៀបវារៈមួយដ៏មានសំខាន់ នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ យើងកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវទស្សនៈវិស័យសហគមន៍ អាស៊ានក្រោយឆ្នាំ២០២៥ ដើម្បីចាប់យកនូវកាលានុវត្តភាព និងដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងតែមានភាពស្មុគស្មាញឡើង។
12.ងាកមកសកម្មភាពខាងក្រៅរបស់អាស៊ាន ក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូសន្ទនាវិញ អាស៊ានបានបង្កើតឡើងនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយអូស្រា្តលី និងចិន។ ឆ្នាំនេះ យើងបានបា្ររព្ធខួបលើកទី៣០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា និងបានកំណត់យកឆ្នាំ២០២២ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា។ យើងបានរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដើម្បីអបអរសាទខួបលើកទី៤៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អាមេរិក ព្រមទាំងបានបេ្តជ្ញាចិត្ត ក្នុងការជំរុញទំនាក់ទំនងនេះ ឱ្យឈានទៅដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ នាខែវិច្ឆិកា ខាងមុខ។
យើងបានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេសក្នុងឆ្នាំនេះ ខណៈពេលដែលចក្រភពអង់គ្លេសបានក្លាយខ្លួនជាប្រទេសដៃគូសន្ទនាទី១១ របស់អាស៊ាន។ លើសពីនេះទៀត យើងក៏គ្រោងរៀបចំព្រឹត្តិការណ៍រំលឹកខួបផ្សេងទៀត ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានផ្សេងទៀត នាពេលក្រោយក្នុងឆ្នាំនេះ។
13.ចុងក្រោយ អាស៊ានចាំបាច់ត្រូវតែឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។ យើងនឹងបន្តផ្តោតសំខាន់លើសកម្មភាពនានា ដែលចងភ្ជាប់យើងទាំងអស់គ្នា ដើម្បីវិបុលភាពកាន់តែប្រសើរឡើងសម្រាប់តំបន់យើង។ យើងនឹងលើកកម្ពស់ស្មារតីអាស៊ាននៃ “ការរួបរួមគ្នា” ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានា ទាំងផ្ទៃក្នុងអាស៊ាន ទាំងជាមួយប្រទេសជាដៃគូខាងក្រៅ ដើម្បីលើកកម្ពស់នូវសាមគ្គីភាព និងភាពធន់របស់អាស៊ាន ដើម្បីសម្រេចបានគោលដៅនៃការកសាងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយភាពធន់។ សរុបជារួមមក យើងជឿជាក់ថា អាស៊ាន អាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជំនះរាល់បញ្ហាប្រឈមនានា ដែលកំពុងបង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់យើង ដោយអនុលោមទៅតាមស្មារតីអាស៊ាន៖ “ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”៕ សម្រួលផ្សាយដោយ៖ dara
0 Reviews:
Post a Comment