Sunday, August 7, 2022

ប្រទេសរូម៉ានីសន្យាសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃទៅលើវិស័យសន្តិសុខសាយប័រ



ភ្នំពេញ:ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ក្នុងអំឡុងពេលនៃកិច្ចប្រជុំកាលពីពេលថ្មីៗនេះជាមួយអាជ្ញាធរថៃក្នុងទីក្រុងបាងកក ប្រធានគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) របស់ប្រទេសរូម៉ានី បានប្តេជ្ញាថានឹងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) របស់ប្រទេសថៃទៅលើវិស័យបច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ។ 
 យោងតាមលោក ណេវីន ចូចៃយ៉ាធីប ជំនួយការរដ្ឋមន្ត្រីក្រសួង DES បានឱ្យដឹងថា លោក សាប៊ីន សារម៉ាស់ ប្រធានគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនងនៃសភាតំណាងរាស្រ្តរូម៉ានី បានសម្តែងកាយវិការដ៏មានសមានចិត្តនេះ។ លោក ស៊ូប៉ូត ទៀរ៉ាវុធ ប្រធាន និងជានាយកប្រតិបត្តិនៃទីភ្នាក់ងារអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងជាឧត្តមមន្ត្រីមួយរូបនៃក្រុមការងារ ក៏មានវត្តមានក្នុងជំនួបនោះដែរ។ លោក សារម៉ាស់ ដែលត្រូវបានអមដំណើរដោយលោក បកឌែន បាដៀ ឯកអគ្គរដ្ឋទូតរ៉ូម៉ានីប្រចាំនៅប្រទេសថៃនៅក្នុងកិច្ចប្រជុំនោះ គឺជាប្រធានដែលត្រូវបានចាត់តាំងសម្រាប់សន្និសីទ ITU ពេញសមត្ថភាពឆ្នាំ២០២២ ដែលនឹងត្រូវប្រារព្ធឡើងនៅទីក្រុងប៊ូចារេសត៍។ 

 លោក ណេវីន បានអបអរសាទរចំពោះការធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសរូម៉ានីនៃសន្និសីទ ITU ដែលនឹងមកធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ខណៈដែលលោកបានជម្រាបជូនគណៈប្រតិភូរ៉ូម៉ានីថា ប្រទេសថៃនឹងបញ្ជូនគណៈប្រតិភូដែលដឹកនាំដោយអនុលេខាធិការអចិន្ត្រៃយ៍នៃក្រសួង DES លោក ណាតាផុន ណាតាសំប៊ូន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីកិច្ចសហប្រតិបត្តិការមួយសម្រាប់ការផ្លាស់ប្តូរទៅជារដ្ឋាភិបាលឌីជីថល កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសេវាកម្មឌីជីថល លេខសម្គាល់ឌីជីថល និងការចែករំលែកទិន្នន័យ ក៏ដូចជាយុទ្ធនាការនាពេលអនាគត ស្តីពីសន្តិសុខសាយប័រ និងការផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួន៕ (ប្រភព NNT បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖dara

0 Reviews:

Post a Comment