Wednesday, August 17, 2022

អភិបាលរងរាជធានីភ្នំពេញ ៣រូបទៀត ប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែសីហា នេះ

  

ភ្នំពេញ៖ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ចំនួន៣រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដមសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ អភិបាលរងរាជធានីភ្នំពេញចំនួន៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនេះ រួមមាន៖ លោក ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វារ មកជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ , លោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ មកជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហ៊ុន សុរិទ្ធី អតីតអគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ។
 ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានណែនាំឱ្យ អភិបាលរងរាជធានីភ្នំពេញទាំង ៣រូប ដែលត្រូវបានប្រកាសតែងតាំងថ្មីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការឲ្យបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ។ អនុវត្តការងារដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ៖ តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបម្រើសង្គមជាតិនិងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តែពេលនេះយើងបានប្រកាសតែងតាំងចំនួន៣រូបសិន នៅសល់មួយរូបទៀត យើងនិងរៀបចំឡើងបន្តទៀត។

 ដូច្នេះទេ សម្រាប់អភិបាលរងទាំង៣រូបដែលបានតែងតាំងថ្មីនេះ ត្រូវបំពេញការងារឱ្យបានល្អជូនរដ្ឋបាលរាជធានី ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើឲ្យរាជធានីភ្នំពេញ កាន់តែរីកចម្រើននិងកាន់តែមានសោភ័ណភាព។ ឯកឧត្ដម សក់ សេដ្ឋា ក៏បានធ្វើការណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងបន្តខិតខំដោះស្រាយបញ្ហាដែលនៅ សេសសល់នៅក្នុងសង្គម ។ 

ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទ ល្មើសនានាឲ្យបានល្អ និងបំផុសប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។ ឯកឧត្ដម សក់ សេដ្ឋា បានបន្ថែមទៀតថា ដើម្បីឱ្យរាជធានីភ្នំពេញ មានសោភ័ណភាពកាន់តែល្អប្រសើរនោះ សូមអាជ្ញាធររាជធានី គ្រប់គ្រងសំណង់ឲ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកម្ពស់បរិស្ថាន ដោយ ត្រូវបំផុសប្រជាពលរដ្ឋ វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវនិងជំរុញឱ្យក្រុមហ៊ុន ប្រមូលសំរាមទាន់ពេលវេលា បើទោះបីក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានអនុវត្តការងារល្អជាងមុនហើយក្តី។ 

 គួរបញ្ជាក់ថា៖ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមកនេះមានចំនួន៦រូប ក្នុងនោះរួមមាន៖ លោកកើត ឆែ ,លោក មាន ចាន់យ៉ាដា លោកហួត ហៃ ,លោកស្រី កែវ សុខពិសី ,លោក ស៊ុយ សេរិទ្ធ និងលោកនួន ផារ័ត្ន ។ ពេលនេះត្រូវបានបន្ថែមឱ្យមកកាន់តួនាទីនេះចំនួន៣រូបបន្ថែមទៀត មានន័យថា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ពេលនេះមានចំនួន៩រូបហើយ ដើម្បីបម្រើសង្គមជាតិនិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខណៈដែលថ្នាក់ជាតិបានប្រតិភូកម្ម វិស័យជាច្រើនមកឲ្យថ្នាក់ក្រោមជាតិអនុវត្តក្នុងការផ្តល់សេវាឱ្យកាន់តែកៀកកិតជាមួយប្រជាពលរដ្ឋ៕


0 Reviews:

Post a Comment