Sunday, July 24, 2022

អគ្គនាយកអង្គការសុខភាពពិភពលោកប្រកាសស្ថានភាពអាសន្ននៃមេរោគអុតស្វានៅក្នុងវិស័យសុខភាពសាធារណៈ



ភ្នំពេញ៖ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា ការផ្ទុះឡើងនូវជំងឺអុតស្វា គឺជាភាពអាសន្នមួយនៅក្នុងវិស័យសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ។

យោងតាមរូបលោកបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី២ របស់ខ្លួនកាលពីថ្ងៃទី២១ ខែកក្កដា គណៈកម្មាធិការគ្រាអាសន្នរបស់ WHO មិនអាចឈានដល់ការឯកភាពគ្នាទៅលើបញ្ហានេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយមើលឃើញពីកត្តាមួយចំនួន ប្រធានអង្គការរូបនេះបាននិយាយថា លោកបានធ្វើការសម្រេចចិត្តដើម្បីប្រកាសការផ្ទុះឡើងនៃជំងឺអុតស្វាជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈដែលជាកង្វល់របស់អន្តរជាតិ។

មន្ត្រីរូបនេះបាននិយាយថា រហូតមកដល់ពេលនេះ ករណីឆ្លងជាង ១៦ ០០០នាក់នៅក្នុងប្រទេសចំនួន៧៥ និងមានអ្នកស្លាប់ចំនួន ៥នាក់ត្រូវបានចុះបញ្ជី។ លោកបានកត់សម្គាល់ថា ហានិភ័យនៃការរីករាលដាលជំងឺអុតស្វានេះនៅមានកម្រិតមធ្យមនៅឡើយនៅទូទាំងពិភពលោក ដោយលើកលែងតែតំបន់អឺរ៉ុបដែលវាមានកម្រិតខ្ពស់។ ប្រធានអង្គការសុខភាពពិភពលោកក៏បានចង្អុលបង្ហាញថា សហគមន៍សកលលោកមានឧបករណ៍ទាំងអស់ដើម្បីគ្រប់គ្រងការផ្ទុះឡើង និងបញ្ឈប់ការចម្លងនៃមេរោគនេះ។ យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ប្រហែលពាក់កណ្តាលនៃបណ្តាប្រទេសដែលមានការឆ្លងដែលបានរកឃើញបានទទួលបានវ៉ាក់សាំងបង្ការរួចហើយ។

ជំងឺអុតស្វា គឺជាជំងឺមេរោគដ៏កម្រមួយដែលឆ្លងនៅតំបន់ដាច់ស្រយាលក្បែរព្រៃត្រូពិចនៃអាហ្វ្រិកកណ្តាល និងអាហ្រ្វិកខាងលិច ហើយជាធម្មតាត្រូវបានចម្លងមកមនុស្សដោយសត្វព្រៃដូចជាសត្វកកេរ និងសត្វព្រូន។ រោគសញ្ញារួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងខ្នង ហើមកូនកណ្តុរ ញាក់ និងអស់កម្លាំង។ វាក៏អាចពាក់ព័ន្ធនឹងការឡើងកន្ទួលនៅលើស្បែកផងដែរ។ យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ជាធម្មតាមេគុណនៃភាពស្លាប់ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺអុតស្វានេះមានចាប់ពី ១ភាគរយទៅ ១០ភាគរយ ជាមួយនឹងចំនួនអ្នកស្លាប់ភាគច្រើននៅក្នុងក្រុមអាយុក្មេង៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ដារ៉ា

0 Reviews:

Post a Comment