Sunday, July 24, 2022

ឯកឧត្តម ងី ច័ន្រ្ទផល និងឯកឧត្តម ថង សាវុន ប្រគេនទៀនវស្សាដល់វត្តចំនួន ០៨វត្ត នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី



មណ្ឌលគិរី៖  នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត/ស្រុក  លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន ០៨ រួមមាន៖ វត្តរតនមនោសុទ្ធារាម `ហៅវត្តកែវសីមា`  វត្តសុវណ្ណសាមគ្គីមុនិសត្ថារាម (ហៅវត្តត្រពាំងផ្អេ) វត្ត នវគិរីសុវណ្ណរាម (ហៅវត្តព្រៃមាស) វត្ត សុវណ្ណរាម (ហៅវត្តមេម៉ង់) វត្ត គិរីថេរាម (ហៅវត្តរណែងក្រៅ) វត្ត បទុមវ៉ារីខេត្តារាម (ហៅវត្តទឹកធ្លាក់ស្រែឈូក) វត្ត សុទ្ធាបុញ្ញខេត្តារាម (ហៅវត្តស្រែព្រះ) និងវត្ត ខេមរាបុប្ផារាម (ហៅវត្តថ្មី) ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ពិធីប្រគេនទៀនវស្សានេះធ្វើឡើងនៅ វត្តរតនមនោសុទ្ធារាម `ហៅវត្តកែវសីមា` ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។


ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្រ្ទផល និងឯកឧត្តម ថង សាវុន បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខ ដោយសារតែនយោបាយឈ្នះឈ្នះរបស់សម្តេច បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងស្ថិរភាពគ្រប់ទីកន្លែង និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងបានលើកតម្កើងព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ឯកឧត្តមបញ្ជាក់ថា នៅទីវត្តអារាមមិនត្រឹមតែបម្រើវិស័យព្រះពុទ្ធសាសនាជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋខ្មែរដែលគោរពព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងប្រមូលផ្តុំនូវវប្បធម៌ប្រពៃណី និង ជាថ្នាលសម្រាប់បណ្តុះធនធានមនុស្សផងដែរ។ ឯកឧត្តម បានអំពាវនាវ ប្រគេនដល់ព្រះសង្ឃ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់នូវជំងឺផ្សេងៗ ជាពិសេស ជំងឺ COVID-១៩ ប្រភេទថ្មីអូមីក្រុង និងអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំឱ្យបានជាប់ជាប្រចាំ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាព ស៊ាំ ក្នុងសហគមន៍ដើម្បីកាត់ផ្តាច់ជំងឺដ៏កាចសាហាវនេះ។ 

សូមបញ្ជាក់ថា សម្រាប់ទេយ្យទាន និងបច្ច័យដែលប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ០៨វត្ត ដោយវត្តនីមួយៗ ទទួលបានរួមមាន៖ ទៀនវស្សា ២គូ អង្ករ ១០០គីឡូក្រាម រួមទាំងសម្ភារៈជាគ្រឿងឧបភោគ បរិភោគជាច្រើនមុខ និងថវិកា ៩០ម៉ឺនរៀល ក្នុងនោះ មានទេយ្យទាន និងបច្ច័យរបស់រដ្ឋបាលខេត្តមណ្ឌលគិរី និងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តមណ្ឌលគិរីផងដែរ៕


0 Reviews:

Post a Comment