Thursday, July 14, 2022

កិច្ចប្រជុំស្តីពីការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធី នៃគ្រួសារមន្ត្រីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិ



(កំពង់ឆ្នាំង): ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ថ្ងៃ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំស្តីពី ការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធី នៃការត្រួតពិនិត្យលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង លោក សយ វិសាលអនុប្រធាននាយកដ្ឋានក្រសួងមុខងារសាធារណៈ។

កិច្ប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញការិយាល័យរដ្ឋបាលគ្រប់មន្ទីរ ស្ថាប័នក្នុងខេត្ត ជាច្រើននាក់ផងដែរ ។

លោក ឈិន សេងងួន បានមានប្រសាសន៍ថា អង្គភាពអភិបាលក្រុង ស្រុកនិងការិយា ល័យជំនាញ ដែលបានចូលរួមក្នុងថ្ងៃនេះ សូមធ្វើការត្រង់ត្រាប់ស្តាប់ ដើម្បីយកទៅអនុវត្តនូវវិធានការទាំងឡាយ ដែលបានមកពីកិច្ចប្រជុំនៅថ្ងៃនេះ។ ការធ្វើបទបង្ហាញ ស្តីពីសេចក្តីព្រាងសេចក្តីណែនាំស្តីពីនីតិវិធី នៃការផ្តល់ទិដ្ឋាការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារ មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ និងមានសំណួរ ចម្លើយជាច្រើនត្រូវបានចោទសួរ និងឆ្លើយផងដែរ។

ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា តាមប្រវត្តិនៃការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅកម្ពុជា គឺបានអនុវត្តប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការជាយូរឆ្នាំមកហើយ។ ការធ្វើកំណែទម្រង់វិមជ្ឈការផ្នែករដ្ឋបាល និង វិមជ្ឈការហិរញ្ញវត្ថុ គឺពិតជាមានភាពសាំញាំ ស្មុគ្រស្មាញ ដោយសារតែកំណែទម្រង់ទាំងនេះ នាំមកនូវការផ្លាស់ប្តូរ និងរបៀបរបបបំពេញការងាររបស់មន្ត្រីរាជការសាធារណៈ នៅគ្រប់លំដាប់ថ្នាក់ មានការបែងចែកមុខងារ និងការទទួលខុសត្រូវ រវាងរដ្ឋបាលសាធារណៈនៅតាមលំដាប់ថ្នាក់ អាស្រ័យលើសមត្ថភាព នៃរដ្ឋបាលនីមួយៗ ។

ឯកឧត្តមបានបន្តថា ទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិ បាលកម្ពុជាមានការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងមុតស្រួច ក្នុងការជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈ ការ ឱ្យមានការវិវឌ្ឍទៅមុខជាបន្តបន្ទាប់ និងកាន់តែស៊ីជម្រៅ ដោយផ្តោតលើការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវ ក្នុងការចាត់ចែងមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបបន្ទាន់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្ថែមទៀតថា លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ នៃខេត្តកំពង់ឆ្នាំង និងទទួលបាននូវចំណេះដឹង បទពិសោធន៍ និងប្រមូលបាននូវធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកលើការងាររៀបចំសេចក្តីព្រាងនីតិវិធី នៃការផ្តល់ទិដ្ឋាការ មានខ្លឹមសារគ្រប់គ្រាន់សម្រាប់ដាក់ឱ្យអនុវត្តមានប្រសិទ្ធភាព និងស្របតាមគោលការណ៍ខាន់ៗ នៃការកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានជំរុញដល់ការអនុវត្តគោលនយោបាយធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ និងគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ ព្រមទាំងធ្វើការវាយតម្លៃ និងការកែលម្អគុណភាពធនធានមនុស្ស និងសេវាសាធារណៈសិក្សាស្រាវជ្រាវ និងលើកសំណើអំពីការធ្វើទំនើបកម្ម និងសនិទានកម្ម វិស័យមុខងារសាធារណៈ

សិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្តនៃមុខងារសាធារណៈ រួមចំណែកកសាងប្រទេស ឱ្យមានការរីកចម្រើនថែមទៀត៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment