Sunday, January 9, 2022

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ប្រវែងជាង៨៤គីឡូម៉ែត្រ ពីបាត់ដំបងដល់សិរីសោភ័ណ




     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះ បានអញ្ជើ ញជាអធិបតីដ៏ខ្ពង់ខ្ពស់ រួមជាមួយឯកឧត្តមមិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ប្រវែងជាង៨៤គីឡូម៉ែត្រ ចាប់ពីខេត្តបាត់ដំបងដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលបានប្រកាសបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥៥ខែ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែ កញ្ញា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុបប្រមាណ ១៦៥.៧៨ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានអភិវឌ្ឍផ្លូវការពីរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងថវិកា បដិភាគរបស់រាជរដ្ឋា ភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីននិង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

     ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍ឱ្យដឹងថា

សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។

    កំណាត់ផ្លូវពីបាត់ដំបងទៅក្រុងសិរីសោភ័ណ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាកំណាត់ ផ្លូវទី១ ក្នុងចំណោមកំណាត់ផ្លូវទាំង៣ នៃគម្រោងធ្វើឱ្យប្រសើរឡើង វិញផ្លូវជាតិលេខ៥ ចាប់ផ្តើមពីព្រែកក្តាម ស្រុកពញាឮ ខេត្តកណ្តាល រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក។

    ឯកឧត្តមស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា កំណាត់ផ្លូវទាំង៣នេះរួមមាន៖ កំណាត់ទី១ ស្ថិតនៅភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤,៧៤គីឡូម៉ែត្រ បានបញ្ចប់ការងារសាងសង់ជាស្ថាពរ ១០០%, កំណាត់ទី២ ស្ថិតភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) មានប្រវែង ១៣៥,២៥គីឡូម៉ែត្រ សាងសង់សម្រេចបានប្រមាណ៦៤% គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ និងកំណាត់ទី៣ ស្ថិតនៅភាគកណ្តា ល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយ ប៉ែត) មានប្រវែង ១៤៦,០៤គីឡូម៉ែត្រ ដែលកំណាត់ធ្លាម្អម-បាត់ដំបង សម្រេចបានប្រមាណ ៥៥% និងកំណាត់សិរីសោភ័ណ-ប៉ោយប៉ែត កំពុងរៀបចំនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។

  កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ គឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវបានពង្រីកទំហំផ្លូវមេដែលមានស្រាប់ ប្រវែង ៥១,៤៨គីឡូម៉ែត្រ ទទឹងមានប្រវែង ២៣ម៉ែត្រ មាន ៤គន្លង (គន្លងនីមួយៗ មានទទឹង ៣,៥០ ម៉ែត្រ និងមាន ២គន្លងទៅ និង២គន្លងមក) ចិញ្ចើមផ្លូវមានទទឹង ៣ម៉ែត្រ (សងខាង) និងសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាល មានទទឹង ៣ម៉ែត្រ ។

  កំណាត់ផ្លូវនេះ បានសាងសង់ផ្លូវវាងក្រុង ២ខ្សែ ប្រវែងសរុប ៣៣,២៦គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ ដំបង ប្រវែង ២៣,៩២គីឡូម៉ែត្រ និងផ្លូវវាងក្រុងសិរីសោភ័ណ ប្រវែង ៩,៣៤គីឡូម៉ែត្រ) ក្នុងនោះ សាងសង់ស្ពានថ្មីចំនួន ២កន្លែង (លើផ្លូវវាង) ពង្រីក និងជួសជុលស្ពានដែលមានស្រាប់ចំនួន ១០កន្លែង (លើផ្លូវមេ)។ គម្រោងនេះ បានរួម បញ្ចូលទាំងការងារដាក់លូប្រអប់ចំនួន ៧៦ កន្លែង និងលូមូលតាមបណ្តោយផ្លូវចំនួន ១១៣ កន្លែង ព្រមទាំងបំពាក់ភ្លើងបំភ្លឺ LED នៅតាមផ្លូវប្រសព្វ។

     ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ផ្លូវ ជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជននៃខេត្ត បាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់គ្នា ហើយក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត (ព្រំដែនកម្ពុជា -ថៃ) ដោយឆ្លងកាត់ខេត្តចំនួន៥ រួមមាន៖ ខេត្ត កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវជាតិលេខ៥ នេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលបានតភ្ជាប់គ្នារវាង រាជធានីភ្នំពេញ ទីក្រុងបាង កក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពល និងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គដែរ ៕

0 Reviews:

Post a Comment