កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច ក្រុមការងារជំនាញពាក់ព័ន្ធ និងក្រុមការងារ នៃរដ្ឋបាលខេត្តព្រះសីហនុ ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា វេទិកាទេសចរណ៍អាស៊ាន គឺជាព្រឹត្តិការណ៍ទេសចរណ៍ក្នុងគ្រួសារអាស៊ាន ដែលមានអាស៊ាន ១០ប្រទេស ក្នុងនោះក៏មានកិច្ចប្រជុំអាស៊ានបូកបី (ចិន កូរ៉េ ជប៉ុន) អាស៊ានបូកឥណ្ឌា អាស៊ានបូក រុស៊្សី។ ក្រៅពីកិច្ចប្រជុំអាស៊ាន ក៏មានកិច្ចប្រជុំជាមួយដៃគូរអង្គការទេសចរណ៍ពិភពលោក និងអង្គការអន្តរជាតិនានា ដែលមានការពាក់ព័ន្ធ និងក៏ជាការណាត់ជួបគ្នារវាងអ្នកលក់ និងអ្នកទិញ (Buyers and Sellers) ហើយអាស៊ានជាអ្នកលក់ (Sellers) អ្នករកស៊ីទេសចរណ៍ក្នុងអាស៊ានទាំង១០ និងត្រូវលក់ផលិតផលអាស៊ានទៅកាន់ពិភពលោក ហើយអ្នកដែលមកទិញផលិតផលពីពិពណ៌អាស៊ាន គឺមានមកពីគ្រប់ទិសទីនៃពិភពលោក មានមកពីផ្សារធំៗដូចជា អាល្លឺម៉ង់ អឺរ៉ុប ក្នុងក្របខ័ណ្ឌអាស៊ាន ។ កិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រីទេស ចរណ៍អាស៊ាន ដោយមានការសម្របសម្រួលពីអគ្គលេខាធិការអាស៊ានការរៀបចំវេទិកាអាស៊ាន ១០ឆ្នាំម្តង។ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ានពីរលើករួចមកហើយនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០២ និង២០១២ តាមពិតកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២១ ក៏ប៉ុន្តែដោយ សារតែវិបត្តិជំងឺកូវីដ-១៩ យើងបានសុំសម្រួលជាមួយមិត្តភក្តិអាស៊ាន រំកិលមួយឆ្នាំមកធ្វើនៅខែមករា ឆ្នាំ២០២២ វិញ ។ នៅឆ្នាំ២០២៣ ត្រូវប្តូរឱ្យទៅប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវេទិកាអាស៊ាន ។
ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២២នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្វើជាប្រធានអាស៊ាផងដែរ។ ក្រៅពីកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន កម្ពុជាក៏មានការជួបប្រជុំជាមួយរដ្ឋមន្ត្រីអាស៊ានជាច្រើនផ្នែកទៀត មានដូចជា ការជួបជុំរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីការបរទេសក្នុងក្របខ័ណ្ឌអាស៊ាន។ ដោយឡែកកម្មវិធីវេទិកាទេសចរណ៍អាស៊ានមានលក្ខណៈច្រើនជាងគេ មានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ ការរៀបចំកិច្ចប្រជុំនេះ គឺយកខែមករាដើមឆ្នាំ ជារៀងរាល់ឆ្នាំ ដើម្បីចៀសវាងការជាន់ទៅនឹងបុណ្យចូលឆ្នាំចិន ព្រោះអ្នករកស៊ីខាងវិស័យទេសចរណ៍ត្រូវជួបជុំគ្នា ហើយកិច្ចប្រជុំអាស៊ានយកចន្លោះខែមករាជារៀងរាល់ឆ្នាំ ។
ឯកឧត្តម បានបន្តថា ដោយសារតែវិបត្តិកូវីដ-១៩ យើងក៏មានការព្រួយបារម្ភច្រើន ក៏ប៉ុន្តែបើយើងមិនធ្វើឆ្នាំនេះទេ គឺត្រូវរង់ចាំ ១០ឆ្នាំទៀត គឺធ្វើតាមវេនសមាជិកអាស៊ាន យើងត្រូវប្រឹងធ្វើទោះបីតូច ឬធំយ៉ាងណាក្តី យើងធ្វើឱ្យបានដោយប្រកាន់ភ្ជាប់នូវគោលការណ៍សុវត្ថិភាព (SOP) ជាចម្បង ។ ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រីទេសចរណ៍បានបញ្ជាក់ថា យើងជ្រើសរើសខេត្តព្រះសីហនុ បើកកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន ព្រោះខេត្តព្រះសីហនុ មានចក្ខុវិស័យ ជាខេត្តមានការអភិវឌ្ឍថ្មី ដើម្បីបង្ហាញពីសក្តានុពលគោលដៅទេសចរណ៍ មានកោះនិងឆ្នេរខ្សាច់សស្អាត ដែលជាជម្រើសល្អ ។ ទន្ទឹមនោះយើងគ្រប់គ្រងបាននូវសន្តិសុខ វិធានសុខាភិបាល កិច្ចប្រជុំវេទិកាអាស៊ាននឹងធ្វើការប្រកាសបើកទេសចរណ៍ឡើងវិញ ចំពោះទេសចរណ៍វ៉ាក់សាំង ។ យើងក៏ពង្រឹងគោលដៅខេត្តព្រះសីហនុតាមសួចនាកររបស់យើងផងដែរ ដោយមានជំនួយគោលនយោបាយ គោលការណ៍អមរបស់រាជរដ្ឋាភិបាល ក្នុងការសម្អាតគោលដៅក្រុងព្រះសីហនុ និងគោលដៅទេសចរណ៍ទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានភ្នំពេញ និងខេត្តសៀមរាប និងបណ្តាខេត្ត យើងបានខិត ខំធ្វើការងារនេះជាច្រើនខែកន្លងមកហើយជាមួយនឹងរដ្ឋបាលខេត្តព្រះ សីហនុ ។ ឯកឧត្តមបណ្ឌិត ក៏សូមថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត និងសហការី បានខិតខំធ្វើការងារជាមួយជំនាញពាក់ព័ន្ធ ដើម្បីសម្អាតគោលដៅរបស់យើងទទួលបានលទ្ធផលល្អ យើងត្រូវគិតគូរពីវិធានសុវត្ថិភាពជាចម្បង។
កិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុ និងប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ផ្តើមចេញពីខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ គណៈធិបតីក៏បានអញ្ជើញទៅពិនិត្យទីតាំងបើកកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន កន្លែងតាំងពិព័រណ៍ផលិតផលអាស៊ាន និងទីតាំងមួយចំនួនទៀត ដើម្បីត្រៀមបើកកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុ ទទួលជោគជ័យនាពេលខាងមុខ ។
កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា មានប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន ១១៤រូប ហើយសម្រាប់ការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន ១៨៥ស្តង់ អ្នកទិញ (Buyers) ចំនួន១០៧ ក្រុមហ៊ុន មកពី ៣៥ប្រទេស ក្នុងនោះឣ្នកទិញអន្តរជាតិ (International Buyers) ចំនួន ១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers) ចំនួន ៧ក្រុមហ៊ុន ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ដារ៉ា
0 Reviews:
Post a Comment