Sunday, February 7, 2021

មនុស្ស​ប្រភេទណាដែលមិនអាច​ទទួលការចាក់វ៉ាក់សាំងកូវីដ១៩របស់​ចិន ដែលទើបមកដល់កម្ពុជា?


ជំនួយវ៉ាក់សាំងកូវីដ១៩ របស់​ប្រទេស​ចិន​ចំនួន ៦០ម៉ឺនដូស ដែលគេដឹងថា មានឈ្មោះ ស៊ីណូហ្វាម (SINOPHARM) មក​ដល់ប្រទេស​កម្ពុជានៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២១។ តើមនុស្ស​ប្រភេទណាដែលមិនអាច​ទទួលបានវ៉ាក់សាំងប្រភេទនេះ?


បើតាម​ការ​បញ្ជាក់របស់​លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា មានបុគ្គល​៩ជំពូក ដែល​មិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ នេះបាន។


ក្នុងនោះ ទី១ មានប្រតិកម្មជាមួយសារធាតុក្នុងវ៉ាក់សាំង មានន័យថា បុគ្គលនោះគាត់មាន អាលាក់ស៊ី ហើយដែលគាត់ធ្លាប់មានប្រវត្តិប្រតិកម្មជាមួយវ៉ាក់សាំងផ្សេងៗ។ ព្រោះយើងមិនមែនចាក់តែវ៉ាក់សាំងកូវីដ-១៩ទេ កន្លង​មក៣០​ឆ្នាំ​ ទៅ​​៤០ឆ្នាំមកនេះ យើងធ្លាប់ចាក់វ៉ាក់សាំងច្រើនហើយ។ អ៊ីចឹងបើបុគ្គលគាត់មានប្រវត្តិចាក់ វ៉ាក់សាំងទៅមាន អាលាក់ស៊ី គាត់ត្រូវជម្រាបគ្រូពេទ្យដើម្បីកុំឱ្យមានបញ្ហា។ មួយទៀត អ្នកដែលមានបញ្ហាផ្លូវដង្ហើម គាត់ពិបាកដកដង្ហើម ឬក៏អ្នកហ្នឹងគាត់មានការហើម ឬរលាករសៃឈាម និងអ្នកកំពុងចេញកន្ទាលក្រអាក ក៏មិនអាចចាក់បានដែរ។


ទី២ គឺអ្នកកំពុងទទួលការឈឺចាប់ពីជំងឺទាន់ហន់ណាមួយ ជាពិសេសគឺជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ឬដែលកំពុងក្ដៅខ្លួនដោយសារជំងឺរ៉ាំរ៉ៃទាំងនោះ។


ទី៣ គឺស្ត្រីមានផ្ទៃពោះ និងស្ត្រីក្នុងរយៈពេលបំបៅដោះ ឬស្ត្រីមានផែន​ការ​ពរពោះក្នុងរយៈពេល៣ខែ។


ទី៤ អ្នកមានជំងឺប្រកាច់ កន្ត្រាក់ ឆ្កួតជ្រូក ឬស្កន់ អ្នកជំងឺសរសៃប្រសាទ ឬរលាកស្រោម​ខួរ ឬអ្នកមានជំងឺតំណពូជ។


ទី៥ អ្នកដែលពិនិត្យទៅឃើញមានជំងឺកង្វះភាពស៊ាំពីកំណើត អ្នកជំងឺ HIV(អេដស៍) អ្នកជំងឺមហារីកកូនកណ្ដុរ និងអ្នកជំងឺឈាមស។


ទី៦ អ្នកដែលសង្ស័យថា មានជំងឺប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ អ្នកជំងឺបេះដូង សរសៃឈាម ជំងឺថ្លើមធ្ងន់ធ្ងរ ជំងឺតម្រង់នោម និងដុះដុំសាច់មហារីកធ្ងន់ធ្ងរ។

ទី៧ អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងជំងឺមហារីកដុំសាច់។

ទី៨ អ្នកមានប្រវត្តិធ្លាប់ឆ្លងជំងឺកូវីដ១៩។

និង ទី៩ អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកផ្ដល់វ៉ាក់សាំងបញ្ជាក់ថា មិនគួរទទួលវ៉ាក់សាំង៕




0 Reviews:

Post a Comment