Sunday, February 14, 2021

សមត្ថកិច្ច​ចុះ​បិទក្រុមហ៊ុនបម្រើសេវាអុីនធឺណិតខុសច្បាប់ចំនួនពីរនៅក្រុងប៉ោយប៉ែត


កម្លាំងចម្រុះដែលមានការចូលរួមពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីពេលថ្មីៗនេះបានចុះធ្វើការ​ត្រួតពិនិត្យក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអុីនធឺណិត ពីរកន្លែងនៅក្នុងទីក្រុងប៉ោយប៉ែត ហើយ​បានរកឃើញថា ទីតាំងទាំងពីរនេះមិនមានអាជ្ញាប័ណ្ណអនុញ្ញាត ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទេ។


ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រុមសមត្ថកិច្ចចម្រុះ បានសម្រេចបិទទ្វារក្រុមហ៊ុន ដោយរឹបអូសយកគ្រឿងឧបករណ៍បម្រើសេវាអុីនធឺណិត និងបានឃាត់ខ្លួនអភិបាលក្រុមហ៊ុនចំនួន ៣នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។


លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រកបមុខរបរផ្គត់ផ្គង់សេវាកម្មអុីនធឺណិតដោយមិនមានអាជ្ញាប័ណ្ណអនុញ្ញាត សូមរួសរាន់ទៅចុះបញ្ជីតាមច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពីការបិទអាជីវកម្មពីអាជ្ញាធរ ព្រោះកម្លាំងចម្រុះនឹងបន្តសហការគ្នាដើម្បីចុះបង្ក្រាបជាបន្តបន្ទាប់នាពេលខាងមុខនេះ៕







0 Reviews:

Post a Comment