Wednesday, February 10, 2021

កម្ពុជា​ផ្តើម​ចាក់វ៉ាក់សាំងកូវីដ​១៩ហើយ លោក​ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី​ចាក់មុនគេនៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ --- នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ធ្វើការ​ចាក់វ៉ាក់សាំង​កូវីដ​១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាលចិនហើយ ដែលជា​ការ​កត់សម្គាល់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាក់វ៉ាក់សាំងនេះមុនគេ។

ជាមួយ​គ្នានេះ សម្តេចតេជោ ហ៊ុន សែន បាន​បង្ហោះសារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុកថា នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែប។ ក្នុងនោះ​សម្តេច​ក៏​បាន​លើក​ឡើងដែរថា មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់សម្តេចលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ  បណ្តាលមកពីកត្តាអាយុរបស់សម្តេចរហូតប្រើពាក្យមិនសមរម្យខ្លះមកលើសម្តេច តែយ៉ាងណាសម្តេចបានបញ្ជាក់ថា ថ្ងៃនេះកូនប្រុសរបស់សម្តេចបានទទួលវ៉ាក់សាំងមុនគេជំនួសឲ្យ​ឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវចំពោះមុខជនរួមជាតិយើង។


សម្តេចតេជោ​ក៏​បានផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងនៅក្រៅប្រទេសដែរថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។

សម្តេចបន្តថា បងប្អូនខ្មែរដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយ ក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់។


គួរបញ្ជាក់ផងដែរថា ការ​ចាក់វ៉ាក់សាំងកូវីដ​១៩​នៅថ្ងៃនេះ កំពុងធ្វើ​ឡើង​នៅ​៤ទីតាំងផ្សេងគ្នា ដោយ​ក្នុងនោះ៖


១. មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិកា ឬមានឋានៈស្មើ

២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

៤. មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន ៕





0 Reviews:

Post a Comment