ក្រោយពីមានការលើកឡើងពីបញ្ហាតម្លៃស្វាយកែវរមៀតធ្លាក់ថ្លៃនៅក្នុងតំបន់មួយចំនួន ដែលធ្វើឲ្យអ្នកដាំដុះមានការត្អូញត្អែនោះ នៅថ្ងៃម្សិលមិញ ក្រសួងកសិកម្មបានបញ្ជាក់ថា ការធ្លាក់ថ្លៃនេះ គឺដោយសារតែផ្លែស្វាយមិនទាន់មានគុណភាពតាមស្តង់ដារ។
ក្រសួងលើកឡើងថា នៅដើមឆ្នាំនេះ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែនាដើមខែកុម្ភៈនេះ តម្លៃផ្លែស្វាយមានការធ្លាក់ចុះ ដោយសារដល់រដូវកាលប្រមូលផល មានបរិមាណផ្លែស្វាយច្រើន ហើយទន្ទឹមនេះដែរ ក៏មានអ្នកដាំស្វាយមួយចំនួនលក់បានតម្លៃទាប ដោយមូលហេតុថា ផ្លែស្វាយមិនទាន់មានគុណភាពល្អស្របតាមស្តង់ដារ ដូចជាមានទំហំតូច គ្មានសោភ័ណភាព និងមិនទាន់ស្របតាមលក្ខខណ្ឌតម្រូវ នៃការបញ្ជាទិញរបស់ក្រុមហ៊ុន ស្របពេលនឹងរដូវកាលចូលឆ្នាំប្រពៃណីវៀតណាម និងចិន ធ្វើឲ្យពាណិជ្ជករផ្អាកការបញ្ជាទិញ។
យ៉ាងណាក៏ដោយ ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារ ក្រសួងកសិកម្ម បានណែនាំដល់អ្នកដាំដុះស្វាយទាំងអស់ រួសរាន់ធ្វើការចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញទៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ព្រមទាំងរៀបចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុង និងក្រៅស្រុក ចុះកិច្ចសន្យាប្រមូលទិញធ្វើការកែច្នៃ និងនាំចេញ៕
0 Reviews:
Post a Comment