Sunday, February 21, 2021

ទឹកបឹងយក្ខឡោមប្រែជាល្អក់ មន្រ្តីថា អាច​ជាកត្តាបាតុភូតធម្មជាតិ

 

រតនគិរី - រយៈពេលប៉ុន្មានថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មក ផ្ទៃបឹងយក្ខឡោម ស្ថិត​នៅ​ក្រុងបានលុង ដែលធ្លាប់តែថ្លាមើលធ្លុះ ត្រូវ​បាន​ប្រែ​ជា​សភាពល្អក់ខុសពីធម្មតា តែមន្រ្តីថា វាអាច​ជា​កត្តាបាតុភូតធម្មជាតិ។


លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានថ្លែងថា កាលពី១០ឆ្នាំមុនពោលគឺនៅ ឆ្នាំ២០១១ បឹងយក្ខឡោមនេះក៏មានសភាពល្អក់ដូចគ្នានេះដែរ ហើយវាបានថ្លាទៅវិញរយៈពេល ១០ទៅ ១៥ថ្ងៃ ។


ប្រធានមន្ទីរបរិស្ថានខេត្តរូបនេះបន្តថា តាមសេចក្តីរាយការណ៍មក គឺបឹងលំកុដនិង បឹងយក្ខអោម យក្ខរ៉ា ស្ថិតនៅឃុំសេដា ស្រុកលំផាត់ ក៏ចាប់ផ្តើមមានសភាពល្អក់ដែរ។ លោកមិនទាន់ហ៊ានវិនិច្ឆ័យតាមបែបវិទ្យាសាស្រ្តយ៉ាងណានោះទេ តែតាមការកត់សម្គាល់របស់លោក ឲ្យ​តែប្រទេសជិតខាងមានព្យុះ ឬ បាតុភូតធម្មជាតិអ្វីមួយកើតឡើង គឺបឹងយក្ខឡោមក៏មានសភាពល្អកដែរ ។


លោកបញ្ជាក់ថា សភាពល្អក់របស់បឹងយក្ខឡោម និងបឹងលំកុដ បឹងយក្ខអោម យក្ខរ៉ា គឺមិនមានអ្វីប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរំខានដល់ការចុះមុជទឹកលេងរបស់ភ្ញៀវទេសចរ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។


ដោយឡែកយោងតាមមន្រ្តីនៃមន្ទីរឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តរតនគិរី ក៏បានឱ្យដឹងផងដែរថា បឹងយក្ខឡោម មានភាពល្អក់នេះមិនមែនជាលើកទី១ទេ ដែលកាលពីប៉ុន្មានឆ្នាំមុនក៏មានសភាពបែបនេះកើតឡើងដែរ ដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹងយក្ខឡោមក៏មានសរសៃឈាមជាប់នឹងបន្ទុះភ្នំភ្លើងមួយទៀតនៅប្រទេសណាមួយនៅក្នុងអាស៊ី ដែលវាមានសរសៃឈាមជាប់នឹងបឹងយក្ខឡោម ដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ៕





0 Reviews:

Post a Comment