កាលពីវេលាម៉ោងប្រមាណ ជិត៦ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ មានករណីភ្ញាក់ផ្អើលនៅផ្ទះសំណាក់ យីហោ ៣៦២ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយពីកម្មករផ្ទះសំណាក់នោះម្នាក់ត្រូវគេរឹតកសម្លាប់នៅក្នុងបន្ទប់។
យោងតាមរបាយការណ៍សមត្ថកិច្ចថា ជនរងគ្រោះ មានឈ្មោះ ចាន់ សុខឃាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ បុគ្គលិក ផ្ទះសំណាក់៣៦២ ជនជាតិខ្មែរ ស្នាក់នៅ កន្លែងកើតហេតុ ។
របាយការណ៍បញ្ជាក់ថា នៅមុនពេលកើតហេតុ មានជនសង្ស័យ០២នាក់ បាននាំគ្នាដើរមក ផ្ទះសំណាក់៣៦២ រួចហើយជួលបន្ទប់លេខ៧ ដេកស្នាក់នៅ តែខាងអ្នកមើលការខុសត្រូវ ផ្ទះសំណាក់មិនបានកត់ឈ្មោះ ឬ ទាមទារ យកអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនឡើយ។
រហូតមកដល់វេលាម៉ោង០៣.៣០នាទី រំលងអាធ្រាត្រ នាថ្ងៃទី២៨ខែមករា ឆ្នាំ២០២១ ជនសង្ស័យបានហៅជនរងគ្រោះ ឲ្យចូលក្នុងបន្ទប់លេខ៧ ហើយនាំគ្នាចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់រហូតដល់ដាច់ខ្យល់ស្លាប់ បន្ទាប់មកនាំគ្នាចេញពីបន្ទប់ រួចចាក់សោរ បន្ទប់ពីក្រៅជាប់ ហើយនាំគ្នាកាត់សោរច្រវ៉ាក់ យកម៉ូតូរបស់ម្ចាស់ផ្ទះសំណាក់ ជិះគេចខ្លួនបាត់ទៅ។
លុះព្រឹកឡើងថ្ងៃទី២៨.០១.២០២១ វេលាម៉ោង០៥.៣០នាទី ឈ្មោះអឿន សុជាតិ ភេទស្រី អាយុ២៩ឆ្នាំ ដែលជាម្ទាស់ផ្ទះសំណាក់ បានក្រោកពីដំណេក ក៏ស្រាប់តែបាត់ម៉ូតូម៉ាកHonda C125 ឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ 1GP-6929ដែលបានទុកមុខបន្ទប់ដេក ហើយស្រែកហៅជនរងគ្រោះដែលបុគ្គលិកធ្វើការផ្ទះសំណាក់ តែមិនឃើញឃើញឆ្លើយតប ទើបឆែកកាមេរ៉ាសុវត្ថិភាព រួចឃើញមានជនសង្ស័យ០២នាក់ ដែលមកស្នាក់នៅបន្ទប់លេខ៧ បាននាំគ្នាកាត់សោរច្រវ៉ាក់ម៉ូតូ លួចយកទៅបាត់ ហើយក៏ទៅមើលបន្ទប់លេខ៧ ឃើញចាក់សោរ បានយកសោរមកចាក់ចូលឃើញ ក៏ឃើញជនរងគ្រោះដេក ស្លាប់លើគ្រែ ដោយមានកន្សែង ចងរុំមុខ យកខ្នើយដាក់ពីលើមុខ។
បន្ទាប់មកម្ចាស់ផ្ទះសំណាក់ ក៏បានរាយការណ៍ប្តឹងសមត្ថកិច្ច ចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំណែកសពជនរងគ្រោះបានប្រគល់ជូន ម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕
0 Reviews:
Post a Comment