តាមការបញ្ជាក់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកមិញបានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ អាជ្ញាធរថៃនឹងលុបចោលវិធានការនានាដែលអនុញ្ញាតឲ្យអាជីវករខ្មែរយករថយន្តដឹកជញ្ជូនទំនិញមួយថ្ងៃ៥០គ្រឿង ទៅផ្សាររ៉ុងក្លឿ, ការលុបចោលនេះ គឺដើម្បីពង្រឹងបន្ថែមលើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
បើតាមការបញ្ជាក់របស់លោកអភិបាលខេត្តថា ដោយសារស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ ផ្ទុះការរីករាលដាលនៅក្នុងសហគមន៍ខ្លាំង និងដើម្បីពង្រឹងបន្ថែមលើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ម្សិលមិញនេះ បានជូនដំណឹងថា វិធានការនានាដែលអនុញ្ញាតឲ្យរថយន្តអាជីវករខ្មែរ ចូលដឹកទំនិញជាប្រចាំថ្ងៃ ក្នុងមួយថ្ងៃ៥០គ្រឿង ស្មើមនុស្ស១០០នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ត្រូវបានផ្អាកវិញហើយ មិនអនុញ្ញាតឲ្យមានការចេញចូលទៀតឡើយ។
សំរាប់អាជីវករខ្មែរ ដែលស្នាក់នៅក្នុងផ្សាររ៉ុងក្លឿស្រាប់ អាចបន្តការស្នាក់នៅនិងលក់ដូរជាធម្មតាបាន បើអាជីវករខ្មែរនៅខាងកម្ពុជា ចង់ចូលទៅផ្សាររ៉ុងក្លឿនោះ ត្រូវធ្វើចត្តាឡីស័កនៅខាងភាគីថៃចំនួន១៤ថ្ងៃសិនទើបអនុញ្ញាតិឲ្យទៅស្នាក់នៅលក់ដូរក្នុងតូបរបស់ខ្លួនបាន៕
0 Reviews:
Post a Comment