Thursday, January 7, 2021

សប្តាហ៍ក្រោយ សីតុណ្ហភាព​នៅ​រាជធានីភ្នំពេញអាចនឹងចុះត្រជាក់​ដល់ ១៦អង្សា ខណៈ​តំបន់ភ្នំ​នឹង​ធ្លាក់ដល់ ១១អង្សា ---

នៅថ្ងៃទី១១ ដល់​ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២១​ខាងមុខ​នេះ រាជធានីភ្នំពេញ សីតុណ្ហភាពអាច​នឹង​ធ្លាក់​ចុះ​រហូត​ដល់រង្វង់ ១៦អង្សាសេ។ នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ​២០២១នេះ។

ជាមួយ​គ្នា​នេះ​ដែរ តំបន់ជួរភ្នំដងរែក និង​តំបន់​ខ្ពង់រាបភាគ​ឦសាន សីតុណ្ហភាព​នឹងអាចធ្លាក់ចុះ​មក​ក្នុង​រង្វង់ពី ១១ ទៅ ១៣អង្សា លាយ​ឡំ​ជាមួយ​នឹង​ខ្យល់ខ្លាំង​ផងដែរ។


សម្រាប់​តំបន់​មាត់សមុទ្រវិញ សីតុណ្ហភាព​នឹង​អាច​ធ្លាក់​មក​នៅ​ក្នុង​រង្វង់ពី ១៧ ទៅ១៩អង្សាសេ ហើយ​នៅ​ថ្ងៃទី១២ ខែមករា នៅលើ​ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បក់បោកខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ។


តាម​ការ​បញ្ជាក់របស់​ក្រសួងធនធានទឹក ស្ថានភាពបែបនេះ គឺដោយ​សារតែ ទ្រនុង​សម្ពាធខ្ពស់​ពីភាគ​ខាងជើង បាន​ធ្លាក់ចុះ​មក​ក្រោម ដោយ​នាំ​មក​នូវ​ធាតុត្រជាក់ពី​តំបន់ស៊ីប៊ីរី គួបផ្សំ​ជាមួយ​នឹង​ខ្យល់​មូសុង​ឦសាន​ខ្លាំង។

ជាមួយ​អាកាសធាតុត្រជាក់នេះ ក្រសួងស្នើដល់ប្រជាជន ពិសេស​វីរៈកងទ័ព​ដែលរស់​នៅ និង​ឈរជើង​នៅ​តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សូម​បង្កើន​ការ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព។ ដោយ​ឡែក​ប្រជានេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រទាំងអស់ សូម​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែលអាច​កើត​មាន​ឡើងជាយថាហេតុ៕



0 Reviews:

Post a Comment