នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះថា ដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យស៉ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចុះទៅចាប់ខ្លួនឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប៉ុន្ដែការចាប់ខ្លួននោះ មិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍នេះ បានគេចចេញពីផ្ទះរបស់ខ្លួន។ ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ។
បើតាមការបញ្ជាក់របស់នាយកដ្ឋានព្រហ្មទណ្ឌថា ប្រតិបត្តិការនេះ គឺអនុវត្តក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ ដើម្បីចាប់ខ្លួនជនត្រូវចោទយកមកប្រគល់ជូនចៅក្រមស៉ើបសួរតែប៉ុណ្ណោះ ដើម្បីធ្វើការសួរនាំ និងចាត់បន្ដតាមនីតិវិធីច្បាប់៕
0 Reviews:
Post a Comment