Sunday, January 3, 2021

ម៉ាសជាង២លាន និងបរិក្ខារពេទ្យរបស់កម្ពុជា ត្រូវប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ហើយ ---

ម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ដែល​ជាអំណោយ​របស់រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់រួចរាល់ហើយ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ ឯព្រលានយន្ដហោះប្រទេសនេប៉ាល់។

លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជិវិតរបស់មនុស្ស ដោយបាននាំមកនូវបញ្ហាប្រឈមជាច្រើន មិនត្រឹមតែសុវត្ថិភាពសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យខូចខាតយ៉ាងខ្លាំង ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការចល័តរបស់ប្រជាជន ដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចគ្រប់ប្រទេសនៅជុំវិញពិភពលោកធ្លាក់ចុះ។

លោកបន្ដថា នៅក្នុងបរិបទនេះ ការឆ្លើយតបជាសមូហភាព និងសាមគ្គីភាព នៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី គឺមិនអាចខ្វះបានទេ ដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃជំងឺដ៏សាហាវនេះ និងធានាបាននូវការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នៅដំណាក់កាលក្រោយជំងឺរាតត្បាត។


បើតាមលោក អ៊ុច បូររិទ្ធ អំណោយមនុស្សធម៌នៅក្នុងឱកាសនេះ គឺជាសក្ខីភាព នៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីមិត្តភាពស្និទ្ឋស្នាល រវាងប្រជាជនកម្ពុជា និងប្រជាជននេប៉ាល់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសុខភាពពិភពលោក។ លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនេប៉ាល់ និងសហគមន៍អន្តរជាតិ ដើម្បីជម្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដ៏មានសក្តានុពលយូរអង្វែង មកលើជីវភាពរស់នៅរបស់ប្រជាជន៕





0 Reviews:

Post a Comment