ក្នុងការតាមដានស្ថានភាពសត្វផ្សោតប្រចាំខែ ក្រុមអ្នកជំនាញមកពីរដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិទ្យាសាស្រ្តនៃអង្គការ WWF កាលពីថ្ងៃទី២៥ ខែធ្នូ បានថតរូបកូនសត្វផ្សោតដែលទើបនឹងកើតថ្មី ខណៈពេលដែលកូនសត្វផ្សោតមួយក្បាលនេះ កំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួន ៧ ក្បាលផ្សេងទៀត នៅទីតាំង កាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី។
សូមបញ្ជាក់ថា កាំពី ជាអន្លង់សត្វផ្សោតសំខាន់មួយក្នុងចំណោមអន្លង់សំខាន់ៗ ផ្សេងទៀតស្ថិតនៅចន្លោះពី ទីរួមខេត្តក្រចេះ និងព្រំដែនកម្ពុជា-ឡាវ ដែលផ្តល់ជាទីជម្រកដ៏ចាំបាច់សម្រាប់ការ រស់នៅរបស់ ថនិកសត្វទឹកសាបប្រភេទ រងគ្រោះជិតផុតពូជមួយនេះ។
ក្រុមស្រាវជ្រាវបានប៉ាន់ប្រមាណថា សត្វផ្សោតដែលទើបនឹងកើតថ្មីនេះមានអាយុប្រមាណ ៤ ថ្ងៃ (មកទល់ថ្ងៃនេះ) ហើយជា កូនផ្សោតទី ៩ ហើយដែលត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាទុកក្នុងឆ្នាំ ២០២០ នេះ។
របាយការណ៍ជំរឿនសត្វផ្សោត ឆ្នាំ ២០២០ បានបង្ហាញថា ចំនួនសត្វផ្សោតសរុប មានត្រឹម ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គ។ ការការពារសត្វផ្សោតអ៊ីរ៉ាវ៉ាឌីឲ្យស្ថិតនៅគង់វង្សគឺមានសារៈសំខាន់ណាស់មិនត្រឹមតែសម្រាប់សត្វផ្សោតខ្លួនវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអត្ថប្រយោជន៍ដល់ទន្លេមេគង្គទាំងមូលផងដែរ រាប់បញ្ចូលទាំងត្រីដែលត្រូវបាន អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាមានចំនួនជាង ១.១០០ ប្រភេទ និងប្រព័ន្ធជីវៈអេកូឡូស៊ីដ៏សម្បូរបែបដទៃទៀត នៅក្នុងទន្លេនេះ៕
0 Reviews:
Post a Comment