នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងជាច្រើន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានខ្លួនបុរសម្នាក់ ដែលតែងតែជេរប្រមាថ និងបរិហាកេរ្តិ៍ថ្នាក់ដឹកនាំ អភិបាលខេត្ត និងស្នងការខេត្តនានា។
ជនសង្ស័យត្រូវបានបញ្ជាក់ថា មានឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា យុវជនរូបនេះមានចេតនាទុច្ចរិតបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយជាច្រើន ធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មាន បំពុលសង្គម និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍ ថ្នាក់ដឹកនាំកំពូលៗ មានទាំងព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាព លើគណនីហ្វេសប៊ុកក្លែងក្លាយទាំងនោះ។
ជនសង្ស័យ ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីឈ្មោះ ទ្រី ស៊ាងម៉ី តាំងពីដើមឆ្នាំ២០១៦ ក្រោយមកនាងបានផ្លាស់ប្ដូរទៅធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់ពួកគេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារី ទ្រី ស៊ាងម៉ី មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឱ្យគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នារី ទ្រី ស៊ាងម៉ី ឪពុក និងជាមិត្តភក្តិរបស់នាងជាច្រើនទៀត ដើម្បីធ្វើការវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ក្នុងចេតនាដើម្បីទម្លាក់កំហុសឱ្យនាង ទ្រី ស៊ាងម៉ី ព្រមទាំងមិត្តភក្កិ និងដៃគូរស្នេហា ក៏ដូចជាគ្រួសាររបស់នាងផង។
យ៉ាងណាក៏ដោយ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
0 Reviews:
Post a Comment