Wednesday, December 16, 2020

កញ្ឆាត្រូវ​គេ​លួចដាំនៅនៅ​តាម​ភ្នំក្នុង​ស្រុកវាលវែង, សមត្ថកិច្ចចុះទៅ​ដុត​កម្ទេច​ចោល


ដើមកញ្ឆាចំនួន ១៤២៦ដើម ដែលក្រុមជនល្មើសលបលួចដាំ នៅក្នុងភូមិសាស្ត្រព្រៃភ្នំ ក្នុងស្រុកវាលវែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបដក កាប់និងដុតកម្ទេចចោលនៅហ្នឹងកន្លែង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ត្រង់​ចំណុចឃុំក្រពើ២។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យ​ដឹងថា មុនឈានដល់ការបង្ក្រាប កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវរកទីតាំងជាយូរមកហើយទើបជួបប្រទះ ហើយក៏បានរៀបចំផែនការចុះធ្វើការបង្ក្រាបនៅចំណុចខាងលើដែលសម្បូរទៅដោយព្រៃភ្នំ និងមានស្ថានភាពលំបាកក្នុងការធ្វើដំណើរ ដោយ​ត្រូវ​ឆ្លងកាត់ព្រៃភ្នំ ឆ្លងអូរ ដែលធ្វើឲ្យ​ពួកមុខសញ្ញាជនល្មើសរត់គេចខ្លួនបាត់ ។


អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការដកនិងដុតកម្ទេចចោលដើមកញ្ឆាទាំង 1426 ដើមនៅនឹងកន្លែងតែម្តង។

បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យពាក់ព័ន្ធនឹងករណីដាំដើមកញ្ឆាខាងលើនេះដើម្បីចាត់ការតាមនីតិវិធីផងដែរ៕




0 Reviews:

Post a Comment