Sunday, December 13, 2020

បន្លំជាសង្ឃដើរបិណ្ឌបាតយកលុយទិញគ្រឿងញៀនជក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យ៖ បុរសកំហូចម្នាក់ កោរត្រង៉ោលពាក់ស្បង់ជីវរ បន្លំខ្លួនជាព្រះសង្ឃ ដើរបិណ្ឌបាតយកប្រាក់ពីប្រជាពលរដ្ឋ ទិញគ្រឿងញៀនជក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់តុលាខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២០។


លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា៖ នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានលោកសង្ឃ០១អង្គ បាននិមន្តបិណ្ឌបាត ហើយលួចប្រើប្រាស់គ្រឿងញៀន។ ភ្លាមនោះបានដឹកនាំកម្លាំងចុះ ឃាត់ខ្លួនជនកំហូចបន្លំជាសង្ឃនោះ និងដកហូតបានថ្នាំញៀនពណ៌លឿងចំនួន០២គ្រាប់ ទូរសព្ទដៃ០១គ្រឿង ប្រាក់ខ្មែរចំនួន៤០ម៉ឺនរៀល និងស្រោមសំបុត្រអញ្ជើញចូលរួមកសាងវត្តមួយចំនួន រួចបញ្ជូនមកមន្ទីរធម្មការ និងសាសនាខេត្តដើម្បីសួរនាំ ដកស្បង់ជីវរចេញ ប្រគល់ឲ្យសមត្ថកិច្ចវិញ។ 


លោកមេបញ្ជាការបានឱ្យដឹងថា៖ ជនកំហូចដែលឃាត់ខ្លួនមានឈ្មោះ យ៉ុក សុខទិ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្រះខ្វៅ ឃុំបាក់ហុយ ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រោយពីមន្ត្រីមន្ទីរធម្មកានិងសាសនាខេត្ត បញ្ជាក់ថាជាសង្ឃក្លែងក្លាយ គ្មានអ្វីជាសម្គាល់ខ្លួនជាសង្ឈឡើយ ទើបសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសុំណុំរឿងបញ្ជូនទៅកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តទៅសាលាដំបូងខេត្តអនុវត្តតាមផ្លូវច្បាប់៕



0 Reviews:

Post a Comment