Wednesday, December 16, 2020

រាជរដ្ឋាភិបាលសម្រេច​កាត់បន្ថយ និងលើកលែងពន្ធចំពោះទំនិញមួយ​ចំនួន នៅឆ្នាំ២០២១


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច​​ចេញអនុក្រឹត្យមួយកាលពីថ្ងៃម្សិលមិញ ដោយ​ធ្វើ​ការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួន។

ទំនិញទាំងនោះ​មានជាអាទិ៍ ទំនិញវត្ថុធាតុដើមសម្រាប់ផលិតកម្មចំណីអាហារ និងភេសជ្ជៈ និងប្រព័ន្ធសូឡាចំនួន១៣បន្ទាត់ពន្ធនៃតារាពន្ធគយកម្ពុជា។ ទំនិញឧបករណ៍ និងគ្រឿងម៉ាស៊ីនកែច្នៃសំខាន់ៗដែលបម្រើការដល់សង្វាក់ផលិតកម្មនានា។

ជាមួយ​គ្នា​នេះ ក៏​មាន​ការ​កាត់បន្ថយពន្ធពី៣៥ភាគរយមក៧ភាគរយលើមុខទំនិញអាល់កុលសម្លាប់មេរោគ និង មុខទំនិញមួយចំនួនទៀតដែលគាំទ្រដល់វិស័យឧស្សាហកម្ម។ កាត់បន្ថយពន្ធពី៣៥ភាគរយមក១៥ភាគរយ លើមុខទំនិញជាវត្ថុធាតុដើម និងធាតុចូលផលិតកម្ម។

ជាមួយនឹងការកាត់បន្ថយពន្ធលើទំនិញមួយចំនួន រដ្ឋាភិបាលក៏បានកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនផងដែរដូចជា៖ ទំនិញប្រេរំអិលប្រើប្រាស់ក្នុងវិស័យវាយនភ័ណ្ឌ ម៉ាស៊ីនលាងចាន និងទោចក្រយាន ពី១០ភាគរយមក០ភាគរយ។ ទំនិញសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះពី១០មក៥ភាគរយ។

វិធានការនេះ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២១តទៅ៕





0 Reviews:

Post a Comment