Friday, December 18, 2020

ខេត្តតាកែវ ជាខេត្តផលិតពងទាកូនធំជាងគេ ក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សារទូទាំងប្រទេស ---

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម​ខេត្តតាកែវបាន​ឲ្យដឹងថា ឃុំស្រែរនោង ស្ថិត​នៅ​ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាឃុំមួយដែល​មានបងប្អូនប្រជាកសិករច្រើនគ្រួសារនិយមចិញ្ចឹមទា និងភ្ញាស់ពងទា ជាលក្ខណៈប្រពៃណី ដោយ​ធ្វើ​ឲ្យ​ទីនេះ​ក្លាយជា​កន្លែង​ផលិតពងទាកូនធំជាងគេ ក្នុង​ការ​ផ្គត់ផ្គង់ទៅ​កាន់បណ្តា​រាជធានីខេត្ត​នៅទូទាំង​ប្រទេស។


បើ​តាម​លោក សូត សុផល និងភរិយា នូ សាវឿន រស់នៅភូមិសាមគ្គី ឃុំស្រែរនោង បានឲ្យដឹងថា គ្រួសារលោកបានចាប់ផ្តើមប្រកបរបរទិញលក់ពងទា និងកូនទានៅឆ្នាំ២០០៣ ដោយ​រកចំណូល​បាន​ពី៥០ម៉ឺន ទៅ៦០ម៉ឺនរៀល​ក្នុង​មួយ​ខែ។ លុះ​ដល់​ឆ្នាំ២០០៧ លោកចាប់ផ្តើមបង្កើតឡភ្ញាស់អង្កាមចំនួន១ អាចដាក់ពងភ្ញាស់បានចំនួន ១២០០គ្រាប់ ដោយ​អាច​រកចំណូលបានពី ២លាន ទៅ​៣លានរៀល​ក្នុង​មួយខែ។


ដោយពិនិត្យឃើញថា របរនេះមានចំណូលខ្ពស់ និងមានទីផ្សារច្រើន ពិសេសទីផ្សារនៅរាជធានីភ្នំពេញ គ្រួសារលោកបានបង្កើនការភ្ញាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ រហូតដល់ឆ្នាំ២០១៦ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមទា យកពង និងវិធីសាស្រ្តភ្ញាស់ពងទាដោយប្រើភ្លើងអគ្គិសនី។ ហើយពេលនោះលោកចាប់ផ្តើមប្រើឡភ្ញាស់ពងទាដោយប្រើអគ្គិសនី ដែលអាចដាក់ពងទាភ្ញាស់បានចំនួន ៩០០០ គ្រាប់ ក្នុងរយ:ពេល ៤ថ្ងៃ។ ពីមួយជំហានទៅមួយជំហាន ភាពជោគជ័យកាន់តែល្អប្រសើរឡើង រហូតមកទល់បច្ចុប្បន្ន លោកមានឡភ្ញាស់ពងទាចំនួន២ ដែលអាចដាក់ពងភ្ញាស់បានចំនួន ៣០ម៉ឺនគ្រាប់ក្នុងខែ ដោយ​ទទួល​ចំណូលបានពី ៩លាន ទៅ១២លាន​រៀល​ក្នុង​មួយ​ខែ។


បើតាម​ការ​បញ្ជាក់របស់​ សូត សុផល ក្រោយ​ពី​លោក​ទទួលបាន​ជោគជ័យ និង​ក្នុងពេល នៃការរាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ផង មានអ្នកភូមិជាច្រើនបានងាកមកចាប់យករបរចិញ្ចឹមទាវិញ ដោយ​បច្ចុប្បន្ននៅទូទាំងឃុំ មានឡភ្ញាស់ពងទាកូនចំនួន២៧ និងមានអ្នកចិញ្ចឹមទាហ្វូងចំនួន ៥៦គ្រួសារ ហើ​សព្វថ្ងៃនេះគិតជាមធ្យមឃុំស្រែរនោងទាំងមូល អាចផ្គត់ផ្គង់ពងទាកូនឲ្យទីផ្សារបានចំនួន ២០ម៉ឺនគ្រាប់ក្នុង​មួយថ្ងៃ ដោយ​ទីផ្សារ​ធំបំផុត​គឺរាជធានីភ្នំពេញ៕





0 Reviews:

Post a Comment