Wednesday, November 11, 2020

ច្បាស់មែនទែនហើយ! មិន​មាន​ការ​បិទប្រទេស ឬរាជធានីខេត្តនោះទេ

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​ធ្វើការ​បញ្ជាក់​ច្បាស់ថា ​មិន​មាន​ការ​បិទ​ប្រទេស​កម្ពុជា ឬ​រាជធានី​ខេត្ត​ណាមួយ​នោះទេ។

សម្តេចតេជោ​បាន​សរសេរនៅលើបណ្តាញ​សង្គមថា « ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថា រាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ»។

សម្តេចបានលើក​ឡើងថា ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ គឺសំដៅធ្វើឲ្យ​ប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

«បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព»។ល។

ជាមួយគ្នានេះ សម្តេចតេជោ​ក៏​បាន​បញ្ជាក់ដែរថា កាលពីថ្ងៃម្សិលមិញ សម្តេច​បានបញ្ជាឲ្យ​បញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។ ហើយថា នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់ផងដែរ។ ដូច្នេះ សម្តេចតេជោ​បានធ្វើការអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ សូម​ពាក់ម៉ាស់ទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឲ្យ​បានឆាប់ ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ៕

0 Reviews:

Post a Comment