ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ បានផ្ញើព្រះរាជសារជូនដល់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
ក្នុងព្រះរាជសារជាភាសាបារាំង ព្រះមហាក្សត្រខ្មែរ បានមានព្រះបន្ទូលថា៖ "ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ខ្ញុំសូមសម្ដែងនូវការអបអរយ៉ាងកក់ក្ដៅរួមទាំងការជូនពរនូវជោគជ័យ និងសុភមង្គលពីខ្ញុំចំពោះឯកឧត្តម ។ សម្រាប់ប្រជាជនកូរ៉េដែលជាមិត្តខ្ញុំសូមជូនពរឱ្យជួបតែសន្តិភាព និងភាពរុងរឿងជានិរន្តរ៍។"
ព្រះករុណាក៏បានមានព្រះរាជបន្ទូលបន្ថែមថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនឹងនាំមកនូវផលប្រយោជន៍នៃទស្សនវិស័យថ្មីៗស្ថិតនៅក្នុងផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំង២។
គួរបញ្ជាក់ជូនថា ប្រទេសកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េខាងជើងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៨ខែធ្នូឆ្នាំ១៩៦៤។ ទំនាក់ទំនងនេះត្រូវបានលើកតម្កើងដោយសម្តេចព្រះនរោត្តម សីហនុ និង លោកមហាសេនាប្រមុខ គីម អ៊ីលស៊ុង ។ ពីអតីតកាលទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានគេចាត់ទុកជាទំនាក់ទំនងដែលមានលក្ខណៈពិសេសដោយផ្អែកលើចំណងទាក់ទងដ៏រឹងមាំជាលក្ខណៈបុគ្គលរវាងមេដឹកនាំនៃប្រទេសទាំងពីរជាជាងផ្អែកលើផលប្រយោជន៍នៃជាតិទាំងពីរហើយក៏មិនពាក់ព័ន្ធនឹងមូលដ្ឋានភូមិសាស្ត្រនយោបាយនិងចំណងវប្បធម៌អ្វីពិសេសនោះដែរ៕
0 Reviews:
Post a Comment