Monday, March 24, 2025

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើ និងជំរុញសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សិក្សាពង្រីកប្រតិបត្តិការនៅកម្ពុជា ទាំងទំហំ និងវិសាលភាពនៃការវិនិយោគលើវិស័យផ្សេងទៀត ក្រៅពីវិស័យធនាគារនិងហិរញ្ញវត្ថុ។

ឯកឧត្តមស្នើបែបនេះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Towfiqua Hoque និងគណៈប្រតិភូ IFC ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសរំលេចអំពីភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយនៅលើសាកលលោក ជាពិសេសការធ្វើពាណិជ្ជកម្ម ដែលជាកត្តាចាំបាច់នៃការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង IFC និងប្រទេសកម្ពុជា និងបានលើកឡើងអំពីវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា បញ្ហាប្រឈម និងកាលានុវត្តភាពនានា។

លោកស្រី Towifqua Hoque បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ IFC ចួលជួបពិភាក្សាការងារដើម្បីសិក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ លោកស្រីកត់សម្គាល់ថា វិស័យឯកជននៅកម្ពុជាមានដំណើរការល្អ និងដោយរលូន ទាំងក្នុងវិស័យ SMEs និងក្នុងវិស័យកម្រិត Micro ហើយលោកស្រីបានកត់សម្គាល់អំពីភាពរស់រវើកនៃប្រជាជនកម្ពុជា ក្នុងនាមជាសេដ្ឋកិច្ចកំពុងរីកចម្រើន។ បន្ថែមពីនេះ លោកស្រីក៏បានចែករំលែក និងរៀបរាប់អំពីសកម្មភាពដែល IFC បានអនុវត្តកន្លងមកនៅកម្ពុជាក្នុងវិស័យឯកជន, វិនិយោគ, SMEs, កសិកម្ម, ថាមពល, ធនាគារ, ជាដើម ។ល។

ឯកឧត្តម វង្សី វិស្សុត បានចែករំលែកជាសង្ខេបអំពីសាវតា និងដំណើរការវិវត្តនៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ IFC នៅកម្ពុជាក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងការវិនិយោគ និងវិស័យឯកជន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើ និងជំរុញឱ្យ IFC សិក្សាពង្រីកប្រតិបត្តិការនៅកម្ពុជា ទាំងទំហំ និងវិសាលភាពនៃការវិនិយោគលើវិស័យផ្សេងទៀត ក្រៅពីវិស័យធនាគារនិងហិរញ្ញវត្ថុ។

លោកស្រី Towfiqua Hoque បានទទួលយក និងសន្យាពាំនាំនូវសំណើទាំងនេះ គោរពរាយការណ៍ជូនថ្នាក់ដឹកនាំ IFC ដើម្បីពិនិត្យលទ្ធភាពពង្រីកប្រតិបត្តិការបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ កសិកម្ម កសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក និងការដឹកជញ្ជូន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពនៃវិស័យឥណទាន និងការធានាស្ថិរភាពហិរញ្ញវត្ថុ ដោយរួមទាំងយន្តការបង្ការវិបត្តិផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ IFC ក្នុងការទ្រទ្រង់ដល់កិច្ចអភិវឌ្ឍវិស័យឯកជននៅកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាព៕


0 Reviews:

Post a Comment