ខេត្តសៀមរាប ÷ ប្រិយមិត្តជាទីរាប់អាន! នាពេលថ្មីៗគេសង្កេតឃើញថា នៅលើប្រព័ន្ធផ្សព្វផ្សាយនានាក្នុងបណ្តាញសង្គមហ្វេសបុក បានសរសេររៀបរាប់ពីករណីឃ្លាំងស្តុកឈើខុសច្បាប់ជាច្រើនកន្លែងនៅចំកណ្តាលក្រុងសៀមរាម ដែលជាហេតុធ្វើអោយមហាជនទូទាំងប្រទេស ហាក់មានការចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលជាខ្លាំង។
គួររំលឹកផងដែរថា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ លោក តាន់ គីមសួរ ប្រធានសមាគមយុវជនស្រលាញ់ធនធានធម្មជាតិ និងក្រុមការងារបានសហការនិងរាយការណ៍ទៅឯកឧត្តម ប្រាក់ សុភ័ណ្ឌ អភិបាលខេត្តសៀមរាប ថាមានឃ្លាំងស្តុកឈើចំនួន០២ទីតាំង ដែលមានម្ចាស់ឈ្មោះ ចាន់ណា ទីតាំងទី១- ស្ថិតលើផ្លូវសាមេត ភូមិខ្នារថ្មី សង្កាត់ជ្រាវ ទីតាំងទី២- ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រោយទទួលបានសេចក្តីរាយការណ៍ពីលោក តាន់ គីមសួរ ឯកឧត្តម ប្រាក់ សុភ័ណ្ឌ អភិបាលខេត្តសៀមរាបបានចាត់មន្ត្រីជំនាញដឹកនាំដោយលោក អ៊ុង វុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើព្រះដាក់-បន្ទាយស្រី សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក នួន សារុន ស្នងការង បានចុះត្រួតពិនិត្យដល់ទីតាំងឃ្លាំងស្តុកឈើរបស់លោក ចាន់ណា ខាងលើ រឹបអូសឈើខុសច្បាប់ជាច្រើនម៉ែត្រគីប និងម៉ាស៊ីនរៃជ្រៀកឈើចំនួន១គ្រឿង យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាមដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ប៉ុន្តែទន្ទឹមនិងការឈានចូលបង្ក្រាបករណីឃ្លាំងស្តុកឈើនៅចំណុចទីតាំងខាងលើនេះ មតិមហាជនជាច្រើនបានធ្វើការខ្សឹបខ្សៀវគ្នាថា ឃ្លាំងស្តុកឈើរបស់លោក ចាន់ណា នេះមិនមែនទើបតែដាក់នោះទេ ពោលគឺបានបើកដំណើរការរកសុីរាប់សិបឆ្នាំមកហើយ ដោយផលអនុផលព្រៃឈើទាំងនេះបានដឹកជញ្ជូនមកពីខេត្តព្រះវិហារនៅចំណុចអូរជុញ ក្បាលដំរី ស្រុកជាំក្សាន្ត តាមរយៈរថយន្តធំៗ ដូចជារថយន្តកែឆ្នៃ ឡានបែនដឹកដី យកមកស្តុកទុកលក់ចែកចាយពេញទាំងខេត្តសៀមរាបបានយ៉ាងរលូន ហេតុអ្វីបានជាជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាបមិនដឹង ? រឺមួយក៏ត្រូវមន្តអាគមរបស់លោក ចាន់ណា ឈ្មួញឈើនេះអស់ហើយទេដឹង?
គួរបញ្ជាក់ផងដែរថា លោក ចាន់ ណា រូបនេះជាឈ្មួញឈើ និងជាឧក្រិដ្ឋកម្មព្រៃឈើយ៉ាងសកម្ម ពោលឈ្មួញឈើចាស់វស្សា ដុះស្លែ ដុះស្នឹមនិងមានឥទ្ធិពលខ្លាំងប្រចាំខេត្តសៀមរាប ដែលអាចចរាចរណ៍ផលអនុផលព្រៃឈើបានយ៉ាងរលូន ដោយពុំមានការរំខានពីសំណាក់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធតាមដងផ្លូវ តាំងពីខេត្តព្រះវិហាររហូតមកដល់ខេត្តសៀមរាប ពិសេសជំនាញរដ្ឋបាលព្រៃឈើនោះឡើយ។
មួយអន្លើទោះបីជាមានបទបញ្ជាពីឯកឧត្តម ប្រាក់ សុភ័ណ្ឌ អភិបាលខេត្តសៀមរាបយ៉ាងណាក្តី គេសង្កេតឃើញថា រាល់សកម្មភាពការចុះត្រួតពិនិត្យឃ្លាំងឈើនៅចំណុចទីតាំងខាងលើ ជំនាញរដ្ឋបាលបាលព្រៃឈើទាំងសង្កាត់ ទាំងផ្នែក ហាក់បីដូចជាមានភាពមិនប្រក្រតី គ្មានទំនួលខុសត្រូវលើតួនាទី ភារកិច្ច បណ្តែតបណ្ដោយអោយកើតមានបទល្មើសជាច្រើន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមានចេតនាលម្អៀងទោទន់ទៅលើឈ្មួញឈើខាងលើ ដោយអូសបន្លាយពេល ដូចខ្យងកើតកូន មកមួយបាត់មួយទុកឱកាសឲ្យក្រុមឈ្មួញមានពេលវេលាគ្រប់គ្រាន់ និងជួយសម្រួលបន្ទុកដល់ក្រុមឈ្មួញជាខ្លាំង ទៀតផង តើទង្វើខាងលើនេះជំនាញរដ្ឋបាលព្រៃឈើ មានចេតនាអ្វីឲ្យប្រា កត់ទៅទាន?ប្
រជាពលរដ្ឋហាក់មានចម្ងល់ជាខ្លាំងទាក់ទិនទៅនិងករណីខាងលើ ថាក្រោយពេលសមត្ថកិច្ចមន្ត្រីជំនាញចុះធ្វើការទប់ស្កាត់និងបង្ក្រាប ទីតាំងឃ្លាំងស្តុកឈើរបស់លោក ចាន់ណា ខាងលើនេះ បន្ទាប់ពីរឹបអូសវត្ថុតាងមួយចំនួន ដូចជាឈើ ពិសេសម៉ាសុីន រ៉ៃជ្រៀកឈើដែលប្រមុខរាជរដ្ឋាភិបាលបានហាមឃាត់ យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើឈើខេត្តសៀមរាបហើយ ចុះម្ចាស់ទីតាំងនិងជាឈ្មួញឈើដ៏សកម្មខាងលើរូបនេះ អាចប្រឈមនិងវិធានការណ៍ផ្លូវ ច្បាប់ដែររឺទេ? ទាំងដែលហ៊ានដាក់ម៉ាសុីនរៃជ្រៀកឈើចំកណ្តាលក្រុងសៀមរាប ដោយពុំមានច្បាប់អនុញ្ញាត?
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋទូរទាំងប្រទេស សំណូមពរដល់ឯកឧត្តម ប្រាក់ សុភ័ណ្ឌ អភិបាលខេត្តសៀមរាប និងគោរពស្នើរសុំដល់ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៃរាជាណាចក្រកម្ពុជា សូមទានមានវិធានការណ៍ចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យទប់ស្កាត់ និងមានវិធានការចំពោះជនទាំងឡាយណាដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាសម្បត្តិរបស់រដ្ឋរបស់រួម តួយ៉ាងលោក ចាន់ណា ខាងលើនេះផងទាន! ដើម្បីរក្សាបានធនធានធម្មជាតិរបស់រដ្ឋ ឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង បន្សល់ទុកអោយកូនចៅជំនាន់ក្រោយ។
អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាប្រៀបនាំសារនិងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាជាន់ពន្លិចស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
0 Reviews:
Post a Comment